សហរដ្ឋអាមេរិក បានចេញទណ្ឌកម្មប្រឆាំងក្រុមហ៊ុនមួយរបស់ប្រទេសវ៉េណេស៊ុយអេឡា ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានជួយទិញយានដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់ ខណៈភាពតានតឹងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតេអេរ៉ង់ និងទីក្រុងការ៉ាកាស កាន់តែកើនឡើង។

ទណ្ឌកម្មកាលពីថ្ងៃអង្គារ បានកំណត់គោលដៅទៅលើក្រុមហ៊ុន Empresa Aeronautica Nacional SA (EANSA) ជាក្រុមហ៊ុនរបស់វ៉េណេស៊ុយអេឡា ដែលក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា «រក្សា និងត្រួតពិនិត្យការដំឡើង»យានដ្រូនពីក្រុមហ៊ុន Qods Aviation Industries របស់ប្រទេសអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរួចហើយរបស់ទីក្រុងវ៉ាស៊ីនតោន។
ក្រសួងក៏បានដាក់ទណ្ឌកម្មលើប្រធានក្រុមហ៊ុន គឺលោក Jose Jesus Urdaneta Gonzalez ដោយចោទប្រកាន់លោកពីបទសម្របសម្រួល «ជាមួយសមាជិក និងអ្នកតំណាងកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ លើការផលិតយានដ្រូន (UAVs) នៅវ៉េណេស៊ុយអេឡា»។

មន្ត្រីក្រសួងរតនាគារលោក John Hurley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រសួងរតនាគារកំពុងឱ្យអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ទទួលខុសត្រូវចំពោះការរីកសាយអាវុធដោយគ្មានការទទួលខុសត្រូវនិងបង្កហេតុដ៏អាក្រក់ របស់ពួកគេនៅជុំវិញពិភពលោក»។