តំបន់កណ្ដាលប៉ែកខាងលិច ឬហៅថា មីដវេស (Midwest) របស់សហរដ្ឋអាមេរិក មានអាកាសធាតុកាន់តែត្រជាក់ខ្លាំងឡើង ដោយក្រុមអ្នកព្យាករអាកាសធាតុបាននិយាយកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ថា អាកាសធាតុរដូវរងា បូករួមនឹងខ្យល់ត្រជាក់ស្ទើរតែក្បែរសូន្យអង្សាសេ បានគ្របដណ្ដប់តំបន់ធំៗមួយចំនួននៃរដ្ឋ Iowa រដ្ឋ Nebraska រដ្ឋ Minnesota និងរដ្ឋ Wisconsin។
ជាមួយគ្នានេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីបានខិតខំស្តារថាមពលឡើងវិញដល់អតិថិជនរាប់ពាន់នាក់ បន្ទាប់ពីព្យុះព្រិល និងខ្យល់កន្រ្តាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះនៃតំបន់ Midwest តំបន់ Great Lakes ដ៏ធំល្វឹងល្វើយ និងភាគឦសានសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

សីតុណ្ហភាពដ៏ត្រជាក់នេះ វាយប្រហារតាមរយៈប្រព័ន្ធអាកាសធាតុមួយ ដែលបោកបក់ឆ្លងកាត់តំបន់ Midwest និងផ្នែកខ្លះនៃតំបន់ Great Lakes ដ៏ធំ ជាមួយនឹងខ្យល់បក់ខ្លាំង រួមទាំងព្រិលលាយឡំទឹកកក និងភ្លៀង។ ក្រុមព្យាករអាកាសធាតុបាននិយាយថា ស្ថានភាពនេះបង្កើនកម្លាំងយ៉ាងឆាប់រហ័សគ្រប់គ្រាន់ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យនៃព្យុះស៊ីក្លូនកម្លាំងដូចគ្រាប់បែក ឬហៅថា "ព្យុះស៊ីក្លូន បម" (Bomb Cyclone) ដែលកើនកម្លាំងយ៉ាងលឿននៅពេលសម្ពាធធ្លាក់ចុះ។
អ្នកឧតុនិយមក្នុងតំបន់បាននិយាយថា តំបន់ Northwoods ដែលពោរពេញដោយព្រៃឈើរបស់រដ្ឋ Wisconsin នឹងមើលឃើញសីតុណ្ហភាពធ្លាក់ចុះទាបដល់ -២៣ អង្សាសេ។ សេវាអាកាសធាតុជាតិអាមេរិក បាននិយាយថា ខ្យល់ត្រជាក់នឹងសាយភាយពាសពេញផ្នែកខាងកើតចំនួន ២ភាគ៣ នៃប្រទេស ដែលជំរុញឱ្យមានព្រិលធ្លាក់ខ្លាំងនៅតំបន់ជាច្រើន៕

