ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធ (៣១ ធ្នូ) នេះថា ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងវាយឆ្ពោះទៅមុខ នៅភាគឦសានរបស់ប្រទេសអ៊ុយក្រែន ហើយលោកប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យពង្រីកទឹកដីនៅទីនោះ ដែលទីក្រុងមូស្គូហៅថាជាតំបន់ទ្រនាប់ ក្នុងឆ្នាំ២០២៦។
ប្រធាននាយសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov បាននិយាយថា លោក Putin បានបញ្ជាឱ្យពង្រីកតំបន់ទ្រនាប់នៅឆ្នាំ២០២៦ ក្នុងតំបន់ចំនួនពីរគឺ Sumy និង Kharkiv របស់អ៊ុយក្រែន នៅជិតព្រំដែនរុស្ស៊ី ដោយបន្ថែមថា លោកក៏បានចុះទៅត្រួតពិនិត្យក្រុមកងទ័ព «ខាងជើង» ផងដែរ។

ក្រុម «ខាងជើង» នេះ ដែលបង្កើតឡើងនៅដើមឆ្នាំ២០២៤ បានធ្វើប្រតិបត្តិការនៅភាគឦសានអ៊ុយក្រែន ដោយស្វះស្វែងបង្កើតតំបន់ទ្រនាប់តាមបណ្តោយព្រំដែន និងព្យាយាមរុញច្រានកងកម្លាំងអ៊ុយក្រែននៅទីនោះ សម្រាប់ការរុលទៅមុខបន្ថែមទៀត។
លោក Putin បានហៅតំបន់ទ្រនាប់នេះម្តងហើយម្តងទៀតថា ជាមធ្យោបាយមួយ ដើម្បីរុញច្រានកងកម្លាំង និងអាវុធអ៊ុយក្រែន ឱ្យកាន់តែឆ្ងាយពីព្រំដែនរុស្ស៊ី ដោយលើកឡើងពីការបាញ់ផ្លោងឆ្លងព្រំដែន និងការវាយប្រហារដោយយានដ្រូនលើតំបន់ដូចជា Belgorod និង Kursk ជាដើម៕

