ប្រធានសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអង្គារ បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងប្រទេសយេម៉ែន និងបានអំពាវនាវឲ្យមានសាមគ្គីភាព ក្នុងចំណោមប្រទេសដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីសម្ព័ន្ធយោធាដែលគាំទ្រក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន បានធ្វើ «ការវាយប្រហារតាមអាកាសមានកម្រិត» ដែលកំណត់គោលដៅទៅលើអាវុធ និងរថយន្តយោធាដែលខ្លួននិយាយថា មានគោលដៅសម្រាប់កងកម្លាំងបំបែកខ្លួននៅភាគខាង ត្បូង។
ការដឹកជញ្ជូនអាវុធតាមនាវាពីរគ្រឿងចេញពីកំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម បានមកដល់កំពង់ផែ Mukallam របស់យេម៉ែន។

អារ៉ាប៊ីសាអ៊ូឌីត ដែលជាសមាជិកសំខាន់មួយនៃសម្ព័ន្ធយោធានេះ បានរិះគន់អារ៉ាប់រួមជុំវិញការគាំទ្ររបស់ខ្លួនចំពោះក្រុមបំបែកខ្លួន ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC)។
ព្រះរាជាណាចក្រនេះ បាននិយាយថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខជាតិរបស់ខ្លួន គឺជាខ្សែបន្ទាត់ក្រហម ហើយអារ៉ាប់រួមគួរតែធ្វើតាមសំណើរបស់រដ្ឋាភិបាលយេម៉ែន ក្នុងការដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោង។
ក្រោយមក អារ៉ាប់រួមបានប្រកាសថា ខ្លួននឹងដកអង្គភាពប្រឆាំងភេរវកម្មដែលនៅសល់របស់ខ្លួន ចេញពី យេម៉ែន។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «ការវិវត្តដ៏ធ្ងន់ធ្ងរ និងកំពុងកើតឡើងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសយេម៉ែន»។
លោកបានអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន និងអនុវត្តការអត់ធ្មត់៕
