របបសឹកមីយ៉ាន់ម៉ា បាននិយាយថា អ្នកដែលមានសិទ្ធិបោះឆ្នោត ចំនួនជាងពាក់កណ្តាល បានចេញទៅទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតជាតិ ៣ដំណាក់កាល កាលពីចុងសប្តាហ៍កន្លងទៅ ដែលជាតួលេខទាបជាងការបោះឆ្នោតពីមុន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាការបោះឆ្នោតលើកដំបូងហើយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយកំពុងធ្វើឡើងអំឡុងសង្គ្រាមស៊ីវិល។ ក្រុមអ្នកវិភាគរំពឹងថា គណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រយោធា ដឹកនាំដោយឧត្តមសេនីយ៍ចូលនិវត្តន៍ នឹងត្រឡប់ទៅកាន់អំណាចវិញ។

លោក Zaw Min Tun អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មនុស្សជាង ៦លាននាក់ ឬជាអត្រា ៥២,១៣% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅទូទាំង ១០២ឃុំ/សង្កាត់។ លោកបន្តថា៖ «សូម្បីតែនៅក្នុងប្រទេសប្រជាធិបតេយ្យអភិវឌ្ឍន៍ក៏ដោយ ក៏នៅតែមានស្ថានភាពដែលចំនួនអ្នកចេញទៅបោះឆ្នោតមិនលើសពី ៥០% ដែរ» ដោយហៅអត្រាអ្នកទៅបោះឆ្នោតនៅមីយ៉ាន់ម៉ា ថាជា «ប្រភពនៃមោទនភាព»។
ការបោះឆ្នោតជុំបន្តបន្ទាប់ទៀតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី២៥ ខែមករា ឆ្នាំដដែល ដោយគ្របដណ្តប់លើ ២៦៥ឃុំ/សង្កាត់ ក្នុងចំណោម ៣៣០ឃុំ/សង្កាត់ របស់សហភាពមីយ៉ាន់ម៉ា ទោះបីជារបបយោធា មិនមានការគ្រប់គ្រងពេញលេញលើតំបន់ទាំងអស់នោះក៏ដោយ៕



