ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបញ្ជូនពលរដ្ឋដែលបានចុះហត្ថលេខាលើកិច្ចសន្យាចូលបម្រើការក្នុងកងកងកម្លាំងប្រដាប់អាវុធបម្រុង ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺន នៅឆ្នាំ ២០២៦ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ឯកសារនោះ បានបញ្ជាក់ថា៖«នៅឆ្នាំ ២០២៦ ពលរដ្ឋនៃសហព័ន្ធរុស្ស៊ីដែលបម្រើការនៅក្នុងកងកម្លាំងបម្រុងមនៃកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ី នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពិសេសដើម្បីធានាការការពាររចនាសម្ព័ន្ធសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធចំាបាច់ផ្សេងទៀត»។

រដ្ឋាភិបាលត្រូវបានណែនាំឲ្យអនុម័តបញ្ជីនៃមូលដ្ឋានសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលត្រូវការពារ។ ក្រសួងការពារជាតិត្រូវកំណត់បញ្ជីអង្គភាពយោធា ដែលទទួលខុសត្រូវក្នុងការរៀបចំការបណ្តុះបណ្តាលទាហានបម្រុងពិសេស។ ក្រឹត្យនេះ បានចូលជាធរមាន កាលពីថ្ងៃអង្គារ។
លោក ពូទីន បានចុះហត្ថលេខាលើច្បាប់ស្តីពីការកេណ្ឌទាហានបម្រុងសម្រាប់ការពារមូលដ្ឋានសំខាន់ៗ នៅក្នុងខែវិច្ឆិកា។ លោក Vladimir Tsimlyansky អនុប្រធាននាយកដ្ឋានរៀបចំ និងកេណ្ឌទ័ពនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយនាពេលមុននេះថា គំនិតផ្តួចផ្តើមនេះ «មិនពាក់ព័ន្ធនឹងការកេណ្ឌទ័ពណាមួយឡើយ»។ ផែនការនេះ គឺដើម្បីទាក់ទាញ «ពលរដ្ឋដែលត្រៀមខ្លួនរួចជាស្រេច និងមានស្នេហាជាតិបំផុត»ឲ្យចូលរួមការបណ្តុះបណ្តាល៕
