បេសកកម្មពាណិជ្ជកម្មរុស្ស៊ីនៅឥណ្ឌាបានប្រាប់សារព័ត៌មាន TASSថា រុស្ស៊ីនឹងបង្ហាញយន្តហោះ SJ-100 និង Il-114-300 នៅក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះ Wings India នៅចុងខែមករា។
បេសកកម្មពាណិជ្ជកម្មបាននិយាយថា៖«ការចូលរួមរបស់ក្រុមហ៊ុន United Aircraft Corporation (UAC) នៅក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះ Wings India ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី និងបេសកកម្មពាណិជ្ជកម្មរុស្ស៊ីនៅប្រទេសឥណ្ឌា រំពឹងថា នឹងមានការបង្ហាញស្តង់ មួយដែលមានការដាក់តាំងគំរូយន្តហោះ SJ-100 និង Il-114-300។ លើសពីនេះ គំរូយន្តហោះ SJ-100 ដែលមានឡូហ្គោ HAL នឹងត្រូវបានដាក់នៅស្តង់របស់ក្រុមហ៊ុនរដ្ឋឥណ្ឌា Hindustan Aeronautics Ltd ដែលជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន UAC នៅប្រទេសឥណ្ឌា»។

បេសកកម្មនេះ បានបន្ថែមថា គំរូយន្តហោះ SJ-100 និង Il-114 ក៏ត្រូវបានគ្រោងនឹងដាក់នៅលើផ្ទាំង ប៉ាណូសម្រាប់បង្ហាញដល់អតិថិជនសក្តានុពលផងដែរ។
គណៈប្រតិភូមកពីប្រទេសចំនួន ២៥ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ Wings India នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា នៅទីក្រុង Hyderabad។ ព្រឹត្តិការណ៍នេះ គ្របដណ្តប់លើគ្រប់វិស័យអភិវឌ្ឍន៍ទាំងអស់នៃអាកាសចរណ៍ស៊ីវិល៕
