ដោយសារត្រូវស្ថិតនៅក្នុងភាពឯកោជាច្រើនឆ្នាំ ប្រទេសកូរ៉េខាងជើងអាចនឹងអនុវត្តការងារការទូតយ៉ាងសកម្ម នៅឆ្នាំ២០២៦ ក្នុងនោះរួមទាំងការចាប់ផ្ដើមឡើងវិញនូវការសន្ទនា រវាងមេដឹកនាំ លោក Kim Jong Un និងប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីសមាជបក្សកាន់អំណាច ដែលត្រូវបានរំពឹងថា នឹងធ្វើឡើងនៅដើមឆ្នាំ២០២៦។
ក្រុមអ្នកតាមដានមើលកូរ៉េខាងជើងមួយចំនួន បានប៉ាន់ស្មានទុកជាមុនថា សមាជបន្ទាប់ដែលគួរតែជាការកោះប្រជុំរៀងរាល់ ៥ឆ្នាំម្តង និងដែលត្រូវបានចាត់ទុកថា ជាអង្គការកំពូលនៃគណបក្សពលករកូរ៉េ នឹងអនុម័តគោលនយោបាយនៃការពង្រឹងសមត្ថភាពការពាររបស់ប្រទេស និងការសម្រេចយុទ្ធសាស្ត្រការទូតដ៏សំខាន់មួយ។

ការរំពឹងទុក អំពីគោលជំហរគោលនយោបាយការបរទេសដ៏សកម្មរបស់ទីក្រុងព្យុងយ៉ាង គឺមានច្រើនឡើងៗ បន្ទាប់ពីលោក Kim បានបង្ហាញមុខលើឆាកការទូតពហុភាគី ដោយចូលរួមក្នុងពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ជាមួយមេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
កាលពីខែតុលា កូរ៉េខាងជើងបានរៀបចំព្យុហយាត្រាយោធារបស់ខ្លួន នៅទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកខួបលើកទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួន ដែលពេលនោះលោក Kim បានស្វាគមន៍ឥស្សរជនបរទេសជាច្រើនរូប រួមមាននាយករដ្ឋមន្ត្រីចិន លោក Li Qiang អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និងមេដឹកនាំវៀតណាម លោក To Lam។
លោក Chad O'Carroll នាយកប្រតិបត្តិនៃក្រុមហ៊ុន Korea Risk Group ដែលជាក្រុមហ៊ុនប្រឹក្សាឯកទេសក្នុងកិច្ចការឧបទ្វីបកូរ៉េ បានលើកឡើងថា ទំនាក់ទំនងការទូតរបស់កូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិក នៅតែអាចធ្វើទៅបានជាចម្បង នៅកម្រិតមេដឹកនាំ ដោយបន្ថែមថា កិច្ចប្រជុំ Trump-Kim គឺ «លើសពីអាចកើតឡើងបាន» បន្ទាប់ពីទីក្រុងព្យុងយ៉ាង «ពង្រឹងខ្សែបន្ទាត់យុទ្ធសាស្ត្ររបស់ខ្លួន» នៅក្នុងសមាជបក្ស៕
