អធិការបតីអាល្លឺម៉ង់ Friedrich Merz បានថ្លែងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា ឆ្នាំ២០២៦ ខាងមុខនេះ អាចជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសរបស់លោក និងអឺរ៉ុបទាំងមូល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេវាសារព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ អធិការបតីរូបនេះ បាននិយាយថា ឆ្នាំ ២០២៦ «អាចក្លាយជាឆ្នាំដែលអាល្លឺម៉ង់ និងអឺរ៉ុប នឹងងើបឡើងវិញក្នុងសន្តិភាព សេរីភាព និងវិបុលភាពរាប់ទសវត្សរ៍»។ តាមគំនិតរបស់លោក ឆ្នាំ ២០២៦ អាចជា«ពេលវេលានៃការទម្លាយភាពទាល់ច្រក»។

លោកអធិការបតី បានបន្តថា៖ «ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស» ហើយការផ្លាស់ប្តូរទាំងនេះកំពុងប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ ក្នុងចំណោមបញ្ហាប្រឈមចម្បងៗរបស់ប្រទេសខ្លួន លោកបានដាក់ឈ្មោះជម្លោះនៅអ៊ុយក្រែន ដែលតាមគំនិតរបស់លោក «បង្ហាញពីការគំរាមកំហែងដោយផ្ទាល់ដល់សេរីភាព និងសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់»។
លោក Merz បាននិយាយថា សេដ្ឋកិច្ចអាល្លឺម៉ង់ «កំពុងស្ថិតនៅក្រោមសម្ពាធដែលបង្កើតឡើងដោយកំណែទម្រង់ចាំបាច់ ការចំណាយខ្ពស់ និងជម្លោះពាណិជ្ជកម្មអន្តរជាតិ»។
លោកបានលើកឡើងថា៖ «យើងកំពុងឃើញការវិលត្រឡប់មកវិញនៃការការពារនិយម នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ការពឹងផ្អែកជាយុទ្ធសាស្ត្ររបស់យើងលើវត្ថុធាតុដើម កំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍នៃឥទ្ធិពលភូមិសាស្ត្រនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់យើងកាន់តែញឹកញាប់ឡើងៗ»៕
