សារព័ត៌មាន The Wall Street Journal (WSJ ) បានរាយការណ៍ថា ការកើនឡើងនៃភាពតានតឹងរវាងប្រទេសអារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអ៊ូឌីតជុំវិញស្ថានភាពនៅក្នុងប្រទេសយេម៉ែន បង្កបញ្ហាប្រឈមថ្មីមួយសម្រាប់ការទូតអាមេរិក។
កាសែតនេះបានឲ្យដឹងថា៖«ការបែកបាក់នេះ បង្ហាញពីបញ្ហាប្រឈមផ្នែកការទូតសម្រាប់សហរដ្ឋអាមេរិក ហើយវាគឺជាផលវិបាកដែលមិនចង់បាន ខណៈដែលទីក្រុងវ៉ាស៊ីនតោនខិតខំរក្សាអ៊ីរ៉ង់ឲ្យនៅដាច់ដោយឡែក និងបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន»។

WSJ បានកត់សម្គាល់ថា ការប្រឈមមុខដាក់គ្នារវាងរដ្ឋឈូងសមុទ្រទាំងពីរ អាចនាំឲ្យមានការពង្រីកអរិភាព នៅក្នុងតំបន់ដែលមានជម្លោះរួចទៅហើយនោះ។
កាលពីថ្ងៃទី ០៩ ខែធ្នូ ប្រធានក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងដែលស្មោះត្រង់នឹងអារ៉ាប់រួម លោក Aidarous al-Zoubaidi បានបង្កើតការគ្រប់គ្រងលើខេត្តភាគខាងកើត គឺ Hadramaut និង Al-Mahrah។ លោកបានសន្យាថា នឹងបង្កើតស្ថាប័ននៃរដ្ឋនាពេលអនាគតនៅភាគខាងត្បូងនៃប្រទេសយេម៉ែន នៅដំណាក់កាលបន្ទាប់។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានវាយតម្លៃសកម្មភាពរបស់ក្រុមបំបែកខ្លួនថា ជាការកើនឡើងភាពតានតឹងដែលមិនសមហេតុផល ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិដកកងកម្លាំងចេញពីតំបន់ទាំងនេះ។ នៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ប្រភពព័ត៌មានពីរដ្ឋាភិបាលមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន SABA ថា ប្រធានក្រុមប្រឹក្សាភិបាលប្រធានាធិបតីយេម៉ែន លោក Rashad Mohammed al-Alimi បានស្នើសុំជំនួយយោធាពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសា អ៊ូឌីត៕
