ក្រុមប្រទេសឈូងសមុទ្រ និងអារ៉ាប់ កាលពីថ្ងៃអង្គារ បានផ្តល់ការគាំទ្ររបស់ពួកគេចំពោះរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីអារ៉ាប់រួមបានដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ។
ការផ្តល់ការគាំទ្រនេះ បានកើតឡើង បន្ទាប់ពីសម្ព័ន្ធយោធាដែលគាំទ្ររដ្ឋាភិបាលយេម៉ែន បានធ្វើការវាយប្រហារតាមអាកាស ដោយកំណត់គោលដៅលើការដឹកជញ្ជូនអាវុធ និងយានយន្ត ដែលមានគោលដៅសម្រាប់កងកម្លាំងបំបែកខ្លួនភាគខាងត្បូង។ ការដឹកជញ្ជូនអាវុធតាមនាវាពីរគ្រឿងចេញពីកំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម បានមកដល់កំពង់ផែ Mukallam របស់យេម៉ែន។

កាលពីព្រឹកថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីការវាយប្រហារតាមអាកាសនោះ លោក Rashad Al-Alimi ប្រធានក្រុមប្រឹក្សាប្រធានាធិបតីយេម៉ែន បានប្រាប់អាជ្ញាធរអារ៉ាប់រួមឲ្យដកកងទ័ពរបស់ពួកគេចេញពីប្រទេសយេម៉ែនក្នុងរយៈពេល ២៤ ម៉ោង។
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ក្រុមបំបែកខ្លួន ដែលធ្វើប្រតិបត្តិការក្រោមក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងត្រូវបានគាំទ្រដោយអារ៉ាប់រួម បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់របស់ព្រះរាជាណាចក្រនេះ បន្ទាប់ពីបានដណ្តើមកាន់កាប់ទឹកដី នៅក្នុងខេត្ត Hadramaut និង Al-Mahra៕
