ម៉ាលី និងប៊ួគីណាហ្វាសូ បានឲ្យដឹងថា ប្រទេសទាំង២ កំពុងដាក់បម្រាមមិនឲ្យធ្វើដំណើរ ចំពោះពលរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងវិធានការដូចគ្នានេះ ដែលប្រកាសដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីដើមខែនេះ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកដែលចេញដោយក្រសួងការបរទេសរបស់រដ្ឋភិបាលទាំង២ កាលពីល្ងាចថ្ងៃអង្គារ (ទី៣០ ខែធ្នូ) ប្រទេសអាហ្រ្វិកខាងលិចទាំង២ បានបញ្ជាក់ថា ខ្លួនកំពុងចាត់វិធានការ «តបតវិញ» បន្ទាប់ពីសេតវិមាន បានប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូថា ប្រធានាធិបតីអាមេរិក លោក Trump កំពុងដាក់បញ្ចូលប្រទេសទាំង២ និងចំនួន ៥ផ្សេងទៀតទៅក្នុងបញ្ជីនៃក្រុមប្រទេសដែលត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទាំងស្រុងតែម្ដង។

សេតវិមានបានឲ្យដឹងថា បម្រាមដែលត្រូវបានពង្រីក និងដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ត្រូវបានអនុវត្តចំពោះ «ប្រទេសដែលមានភាពខ្វះចន្លោះយ៉ាងច្បាស់លាស់ ជាប់លាប់ និងធ្ងន់ធ្ងរ ក្នុងការត្រួតពិនិត្យ តាមដាន និងការចែករំលែកព័ត៌មាន ដើម្បីការពារជាតិពីការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ»។
ម៉ាលីបានប្រាប់កាលពីថ្ងៃអង្គារថា ការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្ថែមខ្លួនទៅក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរនេះ ត្រូវបានធ្វើឡើងដោយគ្មានការពិគ្រោះជាមុន ហើយថា ហេតុផលដែលបានអះអាង មិនត្រូវបានផ្ដល់ភាពត្រឹមត្រូវ តាមរយៈ «ការវិវត្តជាក់ស្តែងផ្អែកលើការពិត» ឡើយ។
យ៉ាងណាក្ដី ម៉ាលី និងប៊ួគីណាហ្វាសូ មិនមែនជាប្រទេសដំបូងគេដែលចាត់វិធានការបែបនេះ ដែលប៉ះពាល់ដល់ពលរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានគេកំណត់គោលដៅដោយការរឹតបន្តឹងការធ្វើដំណើររបស់លោក Trump។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសនេះបានរាយការណ៍ថា កាលពីថ្ងៃទី២៥ ខែធ្នូ ប្រទេសនីហ្សេ បានប្រកាសថា ខ្លួននឹងបញ្ឈប់ផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិក។ ហើយកាលពីខែមិថុនា ឆាដបានប្រកាសថា ខ្លួនកំពុងផ្អាកការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិក បន្ទាប់ពីខ្លួនត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៅមុននេះនៃប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយការហាមឃាត់មិនឲ្យធ្វើដំណើរ៕
