ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Abbas Araghchi បានផ្ញើលិខិតមួយច្បាប់ ទៅកាន់សមភាគីរបស់លោកនៅទូទាំងពិភពលោក ដោយជំរុញឲ្យពួកគេថ្កោលទោសការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។
ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា៖«នៅក្នុងលិខិតមួយច្បាប់ ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសដទៃទៀត លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi បានហៅការគំរាមកំហែងថ្មីៗរបស់ប្រធានាធិបតីអាមេរិកប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ថា ជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យមនុស្សគ្រប់គ្នា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍បង្កហេតុទាំងនេះ»។

ដោយលើកឡើងពីការវាយប្រហាររបស់អ៊ីស្រាអែល-អាមេរិកលើអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ ២០២៥ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បាននិយាយថា ការគំរាមកំហែងថ្មីៗរបស់លោក ត្រាំ បង្ហាញពីផែនការរបស់រដ្ឋបាលអាមេរិក ក្នុងការបន្តដំណើរការខុសច្បាប់ និងឈ្លានពានបែបនេះ។
ដូចគ្នានេះដែរ លោក Araghchi បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
កាលពីថ្ងៃទី ២៩ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ព្យាយាមបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឆ្លើយតបដោយនិយាយថា ក្នុងករណីមានការឈ្លានពានថ្មី ទីក្រុងតេអេរ៉ង់ នឹងធ្វើឲ្យ«សត្រូវសោកស្តាយចំពោះអ្វីដែលខ្លួនបានធ្វើ»៕
