ប៉ូឡូញ នៅថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) បានឲ្យដឹងថា ព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងប្រទេស បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍បន្តកន្ទុយគ្នារហូតដល់ទៅ ២០គីឡូម៉ែត្រ នៅលើផ្លូវហាយវេ រវាងរដ្ឋធានីវ៉ាសូវី (Warsaw) និងទីក្រុងកំពង់ផែបាល់ទិក Gdansk ក្នុងអំឡុងពេលយប់។
បើយោងតាមនគរបាល បានប្រាប់ឲ្យដឹងថា បើទោះបីជាស្ថានភាពបានធ្វើឲ្យមនុស្សរាប់រយនាក់ជាប់ក្នុងរថយន្តរបស់ពួកគេ ក្នុងអំឡុងពេលមានអាកាសត្រជាក់ ក៏ចរាចរណ៍បានចាប់ផ្ដើមមានឡើងវិញហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ។

អ្នកនាំពាក្យនគរបាល នៅទីក្រុង Olsztyn ភាគខាងជើង លោក Tomasz Markowski បាននិយាយថា៖ «ស្ថានភាពលំបាកបានចាប់ផ្តើមកាលពីម្សិលមិញ ក្រោយម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក) នៅពេលដែលរថយន្តដឹកទំនិញដំបូងនៅលើផ្លូវ S7 ចាប់ផ្តើមមានបញ្ហាពេលចុះចំណោត។ នេះនាំឲ្យមានការកកស្ទះចរាចរណ៍ដែលលាតសន្ធឹងប្រហែល ២០គីឡូម៉ែត្រពេញមួយយប់»។
យ៉ាងណាក្ដី អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោក Stanislaw Bukowiec បានប្រាប់សន្និសីទសារព័ត៌មានថា គ្មានអ្នកណាម្នាក់រងរបួសដោយសារស្ថានភាពលំបាកនៅលើដងផ្លូវនេះនោះឡើយ៕
