យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា ព្យុះខ្លាំង ខ្យល់បក់ខ្លាំង និងភ្លៀង បានបំផ្លាញតង់បណ្ដោះអាសន្ន នៅទូទាំងតំបន់ហ្កាហ្សា ធ្វើឲ្យស្ថានភាពជម្រកជ្រកកោនកាន់តែអាក្រក់ទៅៗ សម្រាប់គ្រួសារជនភៀសខ្លួនរាប់ពាន់នាក់ ខណៈដែលរដូវរងាបានចូលមកដល់។
នៅថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នេះ ទីភ្នាក់ងារនេះបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា អាជ្ញាធរអ៊ីស្រាអែលបន្តរារាំង UNRWA មិនឲ្យនាំយកជំនួយដោយផ្ទាល់ចូលទៅកាន់តំបន់ហ្កាហ្សា ក្នុងនោះរួមទាំងការផ្គត់ផ្គង់ជម្រកដល់អ្នកត្រូវការរាប់សែននាក់ដែលរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់។

UNRWA បានបន្ថែមថា «តង់ និងសំពត់ភ្លៀង គឺចាំបាច់ខ្លាំងណាស់» នៅពេលដែលគ្រួសារទាំងនោះប្រឈមនឹងស្ថានភាពអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ។ ទីភ្នាក់ងារនេះបានអំពាវនាវឲ្យមានជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាដោយមិនមានការរារាំង។
UNRWA ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីជាង ៧០ឆ្នាំមុន ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានជម្លៀសដោយបង្ខំចេញពីដែនដីរបស់ពួកគេ៕


