ការស៊ើបអង្កេតរបស់កាសែត Al Jazeera បានរកឃើញផែនការក្រុមជំនួយការរបស់មេដឹកនាំទម្លាក់ចេញពីអំណាចលោក Bashar al-Assad ដើម្បីធ្វើឲ្យអស្ថិរភាពដល់ប្រទេសស៊ីរី ឃើញមានការថតសំឡេងបែកធ្លាយដែលលើកឡើងពីការសម្របសម្រួលជាមួយអ៊ីស្រាអែល ។

ការបែកធ្លាយដែលគ្រោងនឹងចាក់ផ្សាយនៅក្នុងកម្មវិធី Al-Mutahari ឬ The Investigator ថ្ងៃពុធនេះ បានផ្អែកលើការថតសំឡេងបែកធ្លាយរយៈពេល ៧៤ម៉ោង និងឯកសាររាប់រយទំព័រ ទទួលបាននៅក្នុងការស៊ើបអង្កេត ។
ការបែកធ្លាយនេះដែរ ពាក់ព័ន្ធនឹងក្រុមមន្រ្តីជាន់ខ្ពស់របស់លោក al-Assad ជាពិសេសលោក Suheil al-Hassan គឺជាឧត្តមសេនីយ៍ឯកដែលជាមេបញ្ជាការកងកម្លាំង Quwwat al-Nimr និងជាអង្គភាពវរជននៅក្នុងជួរកងទ័ពនៃអតីតរបបរបស់លោក al-Assad ។
ការស៊ើបអង្កេតរកឃើញការប៉ុនប៉ងរបស់ក្រុមមន្រ្តីទាំងនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ប្រមូលមូលនិធិ និងទទួលបានអាវុធ ដើម្បីធ្វើឲ្យអន្តរាយស្ថិរភាពនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរំលំលោក al-Assad ៕

