លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ប្រទេសទួរគីនឹងមិនអត់ធ្មត់ជាដាច់ខាត ចំពោះការបង្ខិតបង្ខំ ការលួចប្លន់ ឬអំពើខុសច្បាប់ នៅក្នុងដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានឲ្យឈ្មោះថា «មាតុភូមិពណ៌ខៀវ»។
ក្នុងសារឆ្នាំថ្មីដែលចែករំលែកដោយការិយាល័យប្រធានាធិបតី លោក Erdogan នាថ្ងៃពុធ (ទី៣១ ទីធ្នូ ឆ្នាំ២០២៥) បានលើកឡើងថា ទីក្រុងអង់ការ៉ាកំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនូវការបង្កហេតុ និងការគំរាមកំហែងដល់ផលប្រយោជន៍របស់ទួរគី និងប្រជាជនស៊ីប-ទួរគី នៅសមុទ្រមេឌីទែរ៉ាណេខាងកើត។

ជាមួយគ្នានេះ លោក Erdogan ក៏បានលើកឡើងផងដែរថា «ខណៈដែលសន្តិភាពកាន់តែរឹងមាំខ្លាំងឡើង នៅក្នុងប្រទេសស៊ីរី ការវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត បានកើនឡើង» ដោយលោកបានកត់សម្គាល់ថា ប្រជាជនស៊ីរី ៦០០.០០០នាក់ បានវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញកាលពីឆ្នាំមុន។
ហើយលោកបានសង្កត់ធ្ងន់ថា ទួរគីនឹងគាំទ្ររដ្ឋបាលថ្មីរបស់ស៊ីរី ដើម្បីធានាឲ្យបាននូវសន្តិសុខ និងស្ថិរភាព សម្រាប់ប្រជាជនស៊ីរីទាំងអស់ ដោយមិនគិតពីជាតិសាសន៍ ឬនិកាយសាសនាអ្វីឡើយ។
ងាកទៅតំបន់ហ្កាហ្សាវិញ លោក Erdogan បានបញ្ជាក់ថា ទួរគីនឹងមិននៅស្ងៀមឡើយ រហូតដល់អ្នកនៅពីក្រោយការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ៧១.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានឲ្យទទួលខុសត្រូវ។
លោកប្រធានាធិបតីទួរគីបានបន្ថែមថា ទីក្រុងអង់ការ៉ាកំពុងធ្វើការយ៉ាងខ្លាំងក្លា ដើម្បីធានាឲ្យបានថា អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ បង្កើនល្បឿនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ហើយអនុញ្ញាតឲ្យកិច្ចប្រឹងប្រែងកសាងឡើងវិញចាប់ផ្តើម៕
