រដ្ឋាភិបាលទួរគី និយាយថា ពួកគេបានឃាត់ខ្លួនជនសង្ស័យ ISIL ជាង ១០០នាក់ នៅក្នុងការវាយឆ្មក់ទូទាំងប្រទេស ស្របពេលដែលក្រុមមួយនេះ បង្ហាញសញ្ញានៃសកម្មភាពក្នុងតំបន់កើនឡើង ក្រោយស្ងប់ស្ងាត់អស់មួយរយៈពេលរួចមក ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya បានប្រកាសការចាប់ខ្លួននៅថ្ងៃព្រឹកថ្ងៃពុធ ក្នុង សារបង្ហោះតាមបណ្តាញព័ត៌មានសង្គម ដោយលោកនិយាយថា ក្រុមអាជ្ញាធរទួរគី បានចាប់ខ្លួនជនសង្ស័យ ISIL ១២៥នាក់ នៅតាមបណ្តាលខេត្តចំនួន ២៥ រួមទាំងនៅក្នុងទីក្រុងអង់ការ៉ាផងដែរ ។
ប្រតិបត្តិការនេះ គឺជាការវាយឆ្មក់លើកទី ៣ ក្នុងរយៈពេលតិចជាង ១សប្តាហ៍ អំឡុងរដូវកាលវិស្សមកាល ហើយនិងបានធ្វើឡើង បន្ទាប់ពីការបាញ់ប្រហារស្លាប់មនុស្ស រវាងនគរបាលទួរគី និងសមាជិកសង្ស័យរបស់ក្រុម ISIL នៅទីក្រុងភាគឦសាន Yalova ។

លោក Yerlikaya សរសេរថា អ្នកដែលព្យាយាមធ្វើឲ្យប៉ះពាល់ដល់បងប្អូនរបស់ពួកយើង ការរួបរួមរបស់ពួកយើង នឹងប្រឈមនឹងអំណាចនៃរដ្ឋរបស់ពួកយើង និងការបង្រួបបង្រួមជាតិរបស់ពួកយើង ។
សូមបញ្ជាក់ថា នគរបាលទួរគី បានឃាត់ខ្លួនជនសង្ស័យ ៣៥៧នាក់ ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋអ៊ិស្លាមកាលពីថ្ងៃអង្គារ រយៈពេល ១ថ្ងៃ ក្រោយមន្រ្តីនគរបាល ៣នាក់ និងក្រុមជីវពល ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការផ្ទុះអាវុធនៅតំបន់ភាគពាយ័ព្យទួរគី ។
នគរបាលបានប៉ះទង្គិចជាមួយក្រុមជីវពលកាលពីថ្ងៃចន្ទ នៅក្នុងការឡោមព័ទ្ធអស់រយៈពេល ៨ម៉ោង នៅចំណុចផ្ទះមួយខ្នងស្ថិតក្នុងទីក្រុង Yalova នៅតាមតំបន់ឆ្នេរសមុទ្រ Marmara ភាគខាងត្បូងទីក្រុងអ៊ីស្តង់ប៊ុល រយៈពេល ១សប្តាហ៍ ក្រោយសមាជិកសង្ស័យរដ្ឋអ៊ិស្លាមជាង ១០០នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការចោទប្រកាន់ថា នឹងបើកការវាយប្រហារនៅថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យសកល ៕
