ក្រុមអាជ្ញាធរក្នុងតំបន់ និយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូនទាំងយប់លើតំបន់ Odesa របស់អ៊ុយក្រែន ធ្វើឲ្យខូចខាតអគារអ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស រួមទាំងកុមារ ៣នាក់ផងដែរ ។
ទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងសមុទ្រខ្មៅ បានក្លាយជាគោលដៅវាយប្រហារម្តងហើយម្តងទៀតដោយមីស៊ីល និងយានដ្រូនរុស្ស៊ី អំឡុងសង្រ្គាមរយៈពេលជិត ៤ឆ្នាំកន្លងមកនេះ ក្នុងនោះការវាយប្រហារតែងតែមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដឹកជញ្ជូន និងកំពង់ផែ ក៏ដូចជាតំបន់រស់នៅរបស់អ្នកស្រុក ។

លោក Serhiy Lisak គឺជាប្រធានរដ្ឋបាលយោធាតំបន់ Odesa និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា នៅទីក្រុង Odesa ដែលជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់ Odesa មនុស្ស ៤នាក់ បានរងរបួស រួមទាំងទារកអាយុ ៧ខែម្នាក់ ក្មេង ២នាក់ ហើយនិងបុរសវ័យ ៤២ឆ្នាំម្នាក់ ។
លោកនិយាយថា កម្ទេចកម្ទីយានដ្រូន និងការវាយប្រហារត្រូវគោលដៅ បណ្តាលឲ្យខូចខាតបង្អួចអគារផ្ទះល្វែងខ្ពស់ៗជាច្រើនខ្នង ។
ពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីរុស្ស៊ី ជុំវិញការវាយប្រហារតំបន់ Odesaនេះ ៕
