ផ្លូវជនបទនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយ គុណភាព បម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែល ខេត្តទាំងពីរនេះគឺជាខេត្តអភិវឌ្ឍន៍លើផ្នែកកសិកម្ម។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការបាននិងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ល្លូវជនបត និងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។
ជាក់ស្តែងការស្ថាបនាបណ្តាញផ្លូវ២ខ្សែខាងលើនេះ បានបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនិងសង្គមនៅជនបទ ព្រោះខេត្តទាំងពីរនេះ គឺជាតំបន់ដែលមានការអភិវឌ្ឍលើវិស័យកសិកម្ម ខណៈបច្ចុប្បន្នបាននិងកំពុងជំរុញផ្គត់ផ្គង់កសិផលលើទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ ដូច្នេះតាមរយៈការស្ថាបនាផ្លូវខាងលើនេះ ពិតជាបានជួយសម្រួលដល់កសិករ ក្នុងការដឹកជញ្ជូនសម្ភារៈទៅចម្ការ និងការដឹកកសិផល មកកាន់គេហដ្ឋាន ទៅរោងចក្រ និងសហគ្រាសនានាផងដែរ។
ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះដែរ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ ដល់នាយកដ្ឋានផ្លូវលំ ជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវទាំងពីរខ្សែនេះប្រកបដោយគុណភាព។ ចំណែកនៅក្នុងគម្រោងនៃការថែទាំ សុពលភាព លោកជំទាវបានស្នើដល់អ្នកអនុវត្តគម្រោង ត្រូវចុះពិនិត្យ និងតាមដានឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការជាមួយ អាជ្ញារមូលដ្ឋាន ទប់ស្កាត់ចំពោះរថយន្តដឹកលើសទម្ងន់ ឬការឈួសឆាយដែលធ្វើឱ្យប៉ះពាល់ដល់ទ្រូងផ្លូវជាដើម ដើម្បីជាប្រយោន៍ប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី









