បើយោងតាមលទ្ធផលបណ្តោះអាសន្នដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ (ទី៣០ ខែធ្នូ ឆ្នាំ២០២៥) មេដឹកនាំរដ្ឋប្រហារហ្គីណេ លោក Mamady Doumbouya ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរបស់ប្រទេស ដោយបានបញ្ចប់ទាំងស្រុងនូវការវិលត្រឡប់ទៅរកការគ្រប់គ្រងស៊ីវិល នៅក្នុងប្រទេសអាហ្រ្វិកខាងលិចដែលសម្បូរដោយរ៉ែដែកមួយនេះ។
អតីតមេបញ្ជាការកងកម្លាំងពិសេស ដែលត្រូវបានគេគិតថា មានអាយុរង្វង់ ៤០ឆ្នាំស្ដើង បានកាន់អំណាចនៅឆ្នាំ២០២១ ដោយបានទម្លាក់លោកប្រធានាធិបតី Alpha Conde ដែលកាន់តំណែងតាំងពីឆ្នាំ២០១០។ វាគឺជារដ្ឋប្រហារមួយ ក្នុងចំណោមការធ្វើរដ្ឋប្រហារបន្តបន្ទាប់ចំនួន ៩ ដែលបានកែប្រែនយោបាយទាំងនៅអាហ្វ្រិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ២០២០។
លទ្ធផលបណ្តោះអាសន្នដែលបានប្រកាសកាលពីថ្ងៃអង្គារនោះ បានបង្ហាញថា លោក Doumbouya ទទួលបានសន្លឹកឆ្នោត ៨៦,៧២ភាគរយនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែធ្នូ ជាសំឡេងភាគច្រើនដាច់ខាតដែលអាចឲ្យលោកគេចផុតពីការបោះឆ្នោតជុំទី២។ តុលាការកំពូលមានរយៈពេល ៨ថ្ងៃ ដើម្បីបញ្ជាក់លទ្ធផល ក្នុងករណីមានការជំទាស់តវ៉ាណាមួយ។
ជ័យជម្នះរបស់លោក Doumbouya ដែលផ្តល់ឲ្យគាត់នូវអាណត្តិ ៧ឆ្នាំនោះ ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយរួចហើយ។ លោក Conde និងលោក Cellou Dalein Diallo ដែលជាមេដឹកនាំបក្សប្រឆាំងដ៏យូរអង្វែងរបស់ប្រទេសហ្គីណេ កំពុងរស់នៅនិរទេសខ្លួន ដែលបានធ្វើឲ្យលោក Doumbouya ត្រូវប្រឈមជាមួយគូប្រជែង ៨រូប ដែលមិនសូវជាមានប្រជាប្រិយភាព៕