ប្រទេសក្វាតេម៉ាឡា នឹងបញ្ចប់ឆ្នាំ ២០២៥ ជាមួយនឹងពលរដ្ឋប្រហែល ៥៥.០០០នាក់ និរទេសមកពីសហរដ្ឋអាមេរិក និងម៉ិកស៊ិក ពោលគឺធ្លាក់ចុះប្រហែល ២៣ភាគរយ ពីចំនួន ៧៦.០០០ដែលត្រូវបាននិរទេសកាលពីឆ្នាំ ២០២៤ ។ នេះបើយោងតាមការអះអាងរបស់អ្នកស្រី Maria del Mar Mazariegos គឺជាអ្នកនាំពាក្យរបស់វិទ្យាស្ថានអន្តោប្រវេសន៍ក្វាតេម៉ាឡា ពេលដែលជើងហោះហើរនិរទេសចុងក្រោយគេប្រចាំឆ្នាំ បានចុះចត ។
អ្នកស្រី Mazariegos អះអាងថា នៅក្នុងចំណោមពលរដ្ឋវិលត្រឡប់មកវិញជិត ៥៥.០០០នាក់ ពលរដ្ឋ ៤៨.០០០នាក់ ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ខណៈពលរដ្ឋសេសសល់ ត្រូវបានបញ្ជូនចេញពីម៉ិកស៊ិក ។
ពលរដ្ឋដែលត្រូវបាននិរទេស បានចុះពីលើយន្តហោះ បំពេញនីតិវិធីចុះឈ្មោះ និងទទួលយកសម្ភារៈផ្ទាល់ខ្លួនរបស់ពួកគេនៅមជ្ឈមណ្ឌលទទួលជនវិលត្រឡប់មកប្រទេសវិញ ស្ថិតក្នុងទីក្រុង Guatemala ។
លោក Marvin Guillermo Orozco Maldonado ដែលស្ថិតនៅក្នុងចំណោមពលរដ្ឋដែលត្រូវបាននិរទេសខ្លួនមកវិញ បានរំឭកដល់កាលដែលរូបលោកត្រូវបានឃាត់ខ្លួន នៅសហរដ្ឋអាមេរិក ។
លោកនិយាយថា ពួកគេបានឃាត់ខ្លួនលោកនៅកន្លែងបោកគក់ ពេលដែលលោកបោកគក់សម្លៀកបំពាក់ ។ ក្រុមមន្រ្តីបានសួរលោកថាតើលោកមានឯកសារសហរដ្ឋអាមេរិកដែរឬទេ លោកឆ្លើយថា គ្មានទេ ហើយពួកគេនិយាយប្រាប់លោកថា ពួកគេសុំអភ័យទោស ប៉ុន្តែអ្នកត្រូវបានចាប់ខ្លួនហើយ ។
ចាប់តាំងពីឡើងកាន់អំណាចកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ លោកប្រធានាធិបតី Donald Trump បានបង្កើនចំនួនជនអន្តោប្រវេសន៍ដែលអាមេរិកត្រូវនិរទេសទៅកាន់អាមេរិកឡាទីនវិញ រួមទាំងការប្រើប្រាស់យន្តហោះយោធា សម្រាប់ជើងហោះហើរមាតុភូមិនិវត្តន៍ផងដែរ ៕