អ៊ីស្រាអែល បានដកហូតអាជ្ញាបណ្ណរបស់ក្រុមជំនួយចំនួន ៣៧ដែលកំពុងធ្វើការនៅតំបន់ហ្កាហ្សា និងតំបន់កាន់កាប់វ៉េសប៊ែង ដោយសារពួកគេមិនអាចឈានដល់តម្រូវការក្រោមច្បាប់ចុះបញ្ជីថ្មី ។
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាច្រើនដូចជាអង្គការ ActionAid អង្គការគណៈកម្មាធិការសង្រ្គោះអន្តរជាតិ និងអង្គការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស ស្ថិតនៅក្នុងចំណោមអង្គការដែលអាជ្ញាបណ្ណរបស់ពួកគេនឹងត្រូវផ្អាកចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ ក្នុងនោះប្រតិបត្តិការរបស់ពួកគេនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦០ថ្ងៃ ។
អ៊ីស្រាអែលនិយាយថា ក្រុមជំនួយទាំងនេះ ពុំបានផ្តល់រឿងរ៉ាវលម្អិតផ្ទាល់ខ្លួនបុគ្គលិករបស់ពួកគេ ។
ចំណាត់ការនេះ រងការរិះគន់យ៉ាងខ្លាំងពីក្រុមមន្រ្តីការបរទេសមកពីប្រទេសចំនួន ១០ រួមទាំងចក្រភពអង់គ្លេសផងដែរ ដែលនិយាយថា ច្បាប់ថ្មីនេះ មានលក្ខណៈរឹតត្បិតខ្លាំង និងពុំអាចទទួលយកបាននោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមរដ្ឋមន្រ្តីការបរទេសមកពីអង់គ្លេស បារាំង កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ជប៉ុន ន័រវែស ស៊ុយអែត និងស្វីស និយាយថា ការបិទដោយបង្ខំប្រតិបត្តិការរបស់អង្គការជំនួយក្រៅរដ្ឋាភិបាលអន្តរជាតិ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការទទួលបានសេវាកម្មចាំបាច់ រួមទាំង ការថែទាំសុខភាពផងដែរ ។
ពួកគេបន្តថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា នៅតែគ្រោះថ្នាក់ខ្លាំង ហើយពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធានាថា អង្គការជំនួយក្រៅរដ្ឋាភិបាលអន្តរជាតិ អាចប្រតិបត្តិការនៅតាមវិធីប្រកបដោយចីរភាព និងអាចព្យាករណ៍បាន ៕