ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល បានចេញការអំពាវនាវដោយផ្ទាល់ ដែលជំរុញឲ្យប្រជាជនអ៊ីរ៉ង់បន្តការតវ៉ា ដោយបញ្ជាក់ថា ខ្លួនកំពុងគាំទ្រពួកគេ «នៅនឹងកន្លែង» នៅពេលដែលបាតុកម្មបានរីករាលដាលនៅក្នុងរដ្ឋធានីតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអ៊ីរ៉ង់។
វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នេះថា ទីភ្នាក់ងារ Mossad បានសរសេរសារជាភាសាពែរ្ស នៅលើគណនីបណ្ដាញសង្គម X របស់ខ្លួនថា៖ «សូមនាំគ្នាចេញទៅតាមដងផ្លូវជាមួយគ្នា។ ពេលវេលាបានមកដល់ហើយ។ យើងកំពុងនៅជាមួយអ្នក។ មិនគ្រាន់តែពីចម្ងាយ ឬតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ យើងក៏នៅជាមួយអ្នកនៅនឹងកន្លែងដោយផ្ទាល់ផងដែរ»។
គួរបញ្ជាក់ថា ការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកដោយម្ចាស់ហាងលក់ដូរនៅទីក្រុងតេអេរ៉ង់ប្រមូលផ្តុំគ្នាប្រឆាំងនឹងសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗរបស់អ៊ីរ៉ង់ បានរីករាលដាលទៅកាន់ទីក្រុងផ្សេងទៀត ដោយទាក់ទាញឲ្យមានការចូលរួមពីសិស្ស-និស្សិតផងដែរ។ តម្លៃប្រាក់អ៊ីរ៉ង់ បានធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណពិភពលោកផ្សេងទៀត ដោយជំរុញឲ្យតម្លៃនាំចូលឡើងខ្ពស់ និងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជករលក់រាយ។
ការអំពាវនាវនេះក៏បានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាក្នុងសប្តាហ៍នេះ រវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីលោក Trump បានព្រមានអ៊ីរ៉ង់អំពីការវាយប្រហារថ្មីៗ ប្រសិនបើប្រទេសនេះចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរ ឬមីស៊ីលបាលីស្ទិករបស់ខ្លួនឡើងវិញ៕