កំពង់ស្ពឺ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបញ្ជូន និងចុះឈ្មោះបេក្ខជនរបស់ខ្លួនគ្រប់ទាំង៥ឃុំ ហើយស្របទៅតាមនីតិវិធីរបស់ គ.ជ.ប.។
ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២នេះ អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តម យឿន យឿត បានឲ្យដឹងថា គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំង៥នៃស្រុកឱរ៉ាល់នេះ បានចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគណបក្សប្រជាជនកម្ពុជាក៏បានចុះឈ្មោះបេក្ខជនរបស់ខ្លួន ទាំងពេញសិទ្ធ និងបំរុងចំនួន៦០រូប រួចជាស្ថាបពរហើយ ដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាព និងឆន្ទៈ មនសិការបំរើប្រជា និងផលប្រយោជន៍រួមទាំងអស់។
ឯកឧត្តម យឿន យឿត បានថ្លែងបន្តទៀតថា ការចុះឈ្មោះបេក្ខជនដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃនេះ បេក្ខជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា នៅឃុំទាំង៥ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះបានគោរពតាមនីតិវិធីរបស់ គ.ជ.ប.ផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត ១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់នោះ៕
អត្ថបទ៖ បាន ចក់


