ការស្វែងរកតាមសមុទ្រទឹកជ្រៅ សម្រាប់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាប់ផ្តើមហើយ នៅក្នុងមហាសមុទ្រឥណ្ឌា នាថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នេះ ដោយធ្វើឲ្យកិច្ចប្រឹងប្រែងមានឡើងវិញ ដើម្បីដោះស្រាយអាថ៌កំបាំងផ្នែកអាកាសចរណ៍ដ៏ធំបំផុតមួយ ពោលគឺជាងមួយទសវត្សរ៍ បន្ទាប់ពីជើងហោះហើរនោះបានបាត់ដានដោយមានមនុស្ស ២៣៩នាក់ជិះនៅលើនោះ។
ក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា នាវារុករកឈ្មោះ Armada 86 05 បានទៅដល់តំបន់រុករកដែលបានកំណត់ ជាមួយនឹងយានក្រោមទឹកស្វយ័តចំនួន ២គ្រឿង។ ទីតាំងនៃតំបន់ស្វែងរក មិនត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។ ក្រសួងបានបញ្ជាក់ថា នាវាបានរៀបចំសម្រាប់ការស្វែងរកនេះនៅកំពង់ផែ Fremantle ក្នុងរដ្ឋ Western Australia របស់ប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលមិនបានលើកឡើង អំពីក្រុមហ៊ុន Ocean Infinity ជាក្រុមហ៊ុនដែលដឹកនាំការស្វែងរកពីមុន ហើយត្រូវបានគេរំពឹងទុកជាយូរមកហើយថា នឹងគ្រប់គ្រងប្រតិបត្តិការរុករកថ្មីនេះ។ ប៉ុន្តែយានដែលរដ្ឋាភិបាលបញ្ជាក់តាមលេខសម្គាល់ ត្រូវបានគេហទំព័រដែនសមុទ្រ និងអាកាសចរណ៍បង្ហាញអត្តសញ្ញាណយ៉ាងទូលំទូលាយថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ocean Infinity។
កាលពីដើមខែធ្នូ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតមនុស្សយន្តសមុទ្រដែលមានមូលដ្ឋាននៅរដ្ឋ Texas សហរដ្ឋអាមេរិកនេះ នឹងចាប់ផ្តើមស្វែងរកតំបន់គោលដៅនៃបាតសមុទ្រ ក្រោមកិច្ចព្រមព្រៀង «រកមិនឃើញ មិនយកថ្លៃ» ជាថ្មី។ ក្រុមហ៊ុន Ocean Infinity បានបញ្ជាក់ថា ខ្លួនកំពុងបន្តការស្វែងរកយន្តហោះ MH370 ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ដោយលើកឡើងពី «លក្ខណៈសំខាន់ និងរសើប» នៃប្រតិបត្តិការនេះ។
គួររំលឹកថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ពីរ៉ាដាភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ ទិន្នន័យផ្កាយរណប ក្រោយមកបានបង្ហាញថា យន្តហោះនេះបានងាកចេញពីផ្លូវដែលបានគ្រោងទុក ហើយបានហោះទៅទិសខាងត្បូងឆ្ពោះទៅភាគខាងត្បូងដាច់ស្រយាលនៃមហាសមុទ្រឥណ្ឌា ជាកន្លែងដែលអ្នកស៊ើបអង្កេតជឿថា យន្តនោះបានធ្លាក់។ មិនធ្លាប់មានការពន្យល់ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរផ្លូវហោះហើរនោះឡើយ៕