នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយក្រោយជំនួបជាមួយក្រុមមេដឹកនាំផ្សេងទៀតរបស់អឺរ៉ុប កាណាដា និងអង្គការណាថា សន្តិភាពអាចសម្រេចបាននៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ បើទោះបីជាវិមានក្រឹមឡាំងនិយាយថា គោលជំហរចរចារបស់ខ្លួន នឹងរឹងមាំខ្លាំង ក្រោយពួកគេចោទប្រកាន់ទីក្រុងគីវថា បានវាយប្រហារនិវេសនដ្ឋានប្រធានាធិបតីរុស្ស៊ី គឺជាការចោទប្រកាន់មួយ ទីក្រុងគីវនិយាយថា គ្មានមូលដ្ឋាន និងមានបំណងពន្យាពេលជម្លោះ ។
លោក Tusk និយាយក្នុងជំនួបរដ្ឋាភិបាលថា សន្តិភាពជិតកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លោកថា ការធានាសន្តិភាពផ្តល់ជូនទីក្រុងគីវដោយសហរដ្ឋអាមេរិក គឺជាហេតុផលមួយត្រូវសង្ឃឹមថា ជម្លោះអាចនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែទីក្រុងគីវ ត្រូវការសម្របសម្រួលបញ្ហាទឹកដី ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យថា ពួកគេកាន់តែខិតជិតគ្នាច្រើន អាចនឹងខិតជិតគ្នាកាន់តែខ្លាំងដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម បើទោះបីជាបញ្ហាស្មុគស្មាញនៅតែមានក៏ដោយ ។
លោក Zelenskiy និយាយថា ការគ្រប់គ្រងស្ថានីយថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលស្ថិតក្នុងកណ្តាប់ដៃរុស្ស៊ី និងជោគវាសនានៃតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន នៅតែពុំទាន់បានដោះស្រាយគ្នា ។
រុស្ស៊ីចង់ឲ្យទីក្រុងគីវ ដកទ័ពចេញពីផ្នែកខ្លះនៃតំបន់ Donbas ដែលពួកគេមិនអាចកាន់កាប់បានអស់រយៈពេលជិត ៤ឆ្នាំនៃសង្រ្គាម ចាប់តាំងពីការវាយលុករបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕