ប្រជាជនអ៊ុយក្រែនដែលបានប្រារព្ធពិធីចូលឆ្នាំថ្មីលើកទីបួនរបស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបាននិយាយថា បំណងប្រាថ្នាធំបំផុតរបស់ពួកគេសម្រាប់ឆ្នាំ២០២៦ គឺសន្តិភាព ព្រមទាំងការបញ្ចប់ការកាត់ផ្តាច់ចរន្តអគ្គិសនីដែលបានធ្វើឱ្យជីវិតដូចស្ថិតក្នុង «ឋាននរក»។ រុស្ស៊ី បានបង្កើនយុទ្ធនាការវាយលុករបស់ខ្លួនទៅលើបណ្តាញថាមពលរបស់អ៊ុយក្រែនក្នុងរដូវរងាឆ្នាំ២០២៥ ដោយកាត់ផ្តាច់ថាមពល និងកម្តៅដល់មនុស្សរាប់សែននាក់ ខណៈសីតុណ្ហភាពបានធ្លាក់ចុះក្រោមសូន្យ។

នៅក្នុងសង្កាត់ Vyshgorod នៃទីក្រុងគីវ ជាកន្លែងដែលការដាច់ចរន្តអគ្គិសនីរយៈពេលបួនថ្ងៃបានបញ្ចប់ទាន់ពេលវេលាសម្រាប់ថ្ងៃចូលឆ្នាំថ្មី ដែលអ្នកស្រុកបានប្រាប់សារព័ត៌មាន AFP ថា ពួកគេចង់ឱ្យសង្គ្រាមបញ្ចប់ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

រុស្ស៊ី បានបាញ់ផ្លោងទៅលើប្រទេសជិតខាងខ្លួនស្ទើរតែរាល់ថ្ងៃដោយយានដ្រូននិងមីស៊ីល ចាប់តាំងពីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោកស្រី Daria Lushchyk អ្នកគ្រប់គ្រងហាងកែសម្ផស្សក្នុងស្រុកមួយកន្លែងនៅក្នុងសង្កាត់ Vyshhorod បាននិយាយថា បំណងប្រាថ្នាធំបំផុតរបស់អ្នកស្រីសម្រាប់ឆ្នាំ២០២៦ ពិតណាស់គឺសន្តិភាព ហើយតើវាអាចក្លាយជាការពិតដែរ ឬយ៉ាងណា។
រុស្ស៊ីបានបដិសេធការដាក់គោលដៅទៅលើជនស៊ីវិល ខណៈបានហៅការឈ្លានពានរបស់ខ្លួនថាជា «ប្រតិបត្តិការសឹកពិសេស» ក្នុងគោលបំណងទប់ស្កាត់ការពង្រីកខ្លួនរបស់សម្ព័ន្ធយោធាណាតូ ជាគោលបំណងសង្គ្រាមដែលទីក្រុងគីវនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានហៅថាជាការកុហក។