រដ្ឋមន្ត្រីម្នាក់បាននិយាយថា ប្រទេសទួរគីកាលពីថ្ងៃពុធ ទី ៣១ ខែធ្នូ បានឃុំខ្លួនជនសង្ស័យក្រុមរដ្ឋអ៊ីស្លាមចំនួន១២៥នាក់ផ្សេងទៀតនៅក្នុងការឆ្មក់ង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស បន្ទាប់ពីការព្រមានថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) មានផែនការវាយប្រហារក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ មនុស្សជិត ៦០០ នាក់ត្រូវបានឃុំខ្លួននៅក្នុងការឆ្មក់បង្ក្រាបប្រឆាំងក្រុមរដ្ឋអ៊ីស្លាម(IS) ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានសរសេរនៅលើបណ្តាញ X ថា «យើងបានចាប់ខ្លួនជនសង្ស័យ១២៥នាក់នៅក្នុងប្រតិបត្តិការដំណាលគ្នាដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន២៥ខេត្ត»។
កាលពីថ្ងៃទី២៥ ខែធ្នូ កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យក្រុមរដ្ឋអ៊ីស្លាម១១៥នាក់បន្ទាប់ពីការព្រមានស៊ើបការណ៍សម្ងាត់ថា ក្រុមជ្រុលនិយមកំពុង«រៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មី» នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការចាប់ខ្លួននៅទូទាំងប្រទេសមួយផ្សេងទៀតកាលពីដើមសប្តាហ៍នេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានបើកការបាញ់រះទៅលើនគរបាលនៅក្នុងទីក្រុង Yalova ភាគពាយ័ព្យបានសម្លាប់មន្ត្រីបីនាក់ និងរបួស៩នាក់ផ្សេងទៀត។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៦នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេលជាច្រើនម៉ោងនៅក្នុងទីក្រុងឆ្នេរ Marmara មានចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងអ៊ីស្តង់ប៊ុល។ មុនពេលប្រារព្ធពិធីចូលឆ្នាំថ្មី ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា សន្តិសុខត្រូវបានបង្កើននៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសទួរគី ជាកន្លែងដែលនគរបាលនិងមន្ត្រីជាង៥០.០០០នាក់ត្រូវបំពេញកាតព្វកិច្ចដើម្បីធានាបាន «ការចាប់ផ្តើមដោយសន្តិភាព និងសុវត្ថិភាពសម្រាប់ឆ្នាំ២០២៦»។