ខណៈឆ្នាំ ២០២៦ បានចូលមកដល់ ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនរស់នៅក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនចំពោះសន្តិភាព សុវត្ថិភាព និងឱកាសដើម្បីវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានព្រមព្រៀងលើបទឈប់បាញ់មួយកាលពីខែតុលា បន្ទាប់ពីការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការសឹកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលរយៈពេលពីរឆ្នាំនៅតំបន់ហ្កាហ្សា ដែលបានកើតឡើងក្រោយការវាយប្រហារដ៏បង្ហូរឈាមដោយក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសទៅលើសហគមន៍អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣។

អំពើហិង្សាបានថយចុះ ប៉ុន្តែពុំបានបញ្ឈប់ទេចាប់តាំងពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាចូលជាធរមាន ដោយភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពាន។
អាជ្ញាធរសុខាភិបាលតំន់ហ្កាហ្សានិយាយថា អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤០០ នាក់នៅក្នុងដែនដីនេះ ចាប់តាំងពីមានកិច្ចព្រមព្រៀងមក ខណៈអ៊ីស្រាអែលនិយាយថា ទាហានបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ។