ព្រិលធ្លាក់ខ្លាំងនៅក្នុងប្រទេសប៉ូឡូញ បានបណ្តាលឱ្យផ្លូវចរាចរណ៍ត្រូវកកស្ទះរហូតដល់២០គីឡូម៉ែត្រ នៅលើផ្លូវរថយន្តរវាងរដ្ឋធានីវ៉ាសូវី និងទីក្រុងកំពង់ផែបាល់ទិក Gdansk នេះបើយោងតាមការផ្សព្វផ្សាយរបស់នគរបាលកាលពីថ្ងៃពុធ ទី៣១ ខែធ្នូ។

ខណៈស្ថានភាពបានធ្វើឱ្យមនុស្សរាប់រយនាក់ជាប់ខ្លួននៅក្នុងរថយន្តរបស់ពួកគេក្នុងស្ថានភាពត្រជាក់ខ្លាំង នគរបាលនិយាយថា ចរាចរណ៍បានចាប់ផ្តើមដំណើរការឡើងវិញក្រោយការសម្អាតព្រិល។
អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោក Stanislaw Bukowiec បាននិយាយក្នុងសន្និសីទសារព័ត៌មានថា គ្មាននរណាម្នាក់រងរបួសដោយសារស្ថានភាពដ៏លំបាកនៅលើដងផ្លូវនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP បានរាយការណ៍ថា ក៏មានការរំខានមួយចំនួនដល់ផ្លូវរថភ្លើង និងអាកាសយានដ្ឋានផងដែរ ប៉ុន្តែសេវាកំពុងវិលត្រឡប់មករកភាពប្រក្រតីវិញ។