លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបណ្ដាមេដឹកនាំពិភពលោកកំណត់អាទិភាពសកលឡើងវិញជាបន្ទាន់ ដោយជំរុញឱ្យវិនិយោគលើការអភិវឌ្ឍ និងសន្តិភាព ជាជាងការកើនឡើងនៃការចំណាយលើយោធា ខណៈលោកបានថ្លែងសារឆ្នាំថ្មីឆ្នាំ២០២៦ ។

ដោយបើកទំព័រឆ្នាំថ្មី២០២៦ ជាមួយនឹងការអំពាវនាវយ៉ាងខ្លាំងក្លា ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា ពិភពលោកកំពុងប្រឈមនឹងពេលវេលាដ៏សំខាន់មួយ ដែលត្រូវបានសម្គាល់ដោយអស្ថិរភាពកាន់តែជ្រៅ ជម្លោះរីករាលដាល និងទុក្ខវេទនារបស់មនុស្សកាន់តែកើនឡើង។
លោក Guterres បាននិយាយថា ខណៈយើងចូលឆ្នាំថ្មី ពិភពលោកឈរនៅផ្លូវបំបែក។ ភាពវឹកវរ និងភាពមិនច្បាស់លាស់នៅជុំវិញយើង។ មនុស្សគ្រប់ទីកន្លែងកំពុងសួរថា តើក្រុមមេដឹកនាំកំពុងស្តាប់ទេ? តើពួកគេត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីធ្វើសកម្មភាព? ។
លោកបានគូសបញ្ជាក់ថា មនុស្សជាតិជាងមួយភាគបួន កំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ខណៈមនុស្សជាង ២០០ លាននាក់នៅទូទាំងពិភពលោកត្រូវការជំនួយមនុស្សធម៌។ លោកបានបន្ថែមថា មនុស្សជិត ១២០ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ រត់គេចពីសង្គ្រាម វិបត្តិ គ្រោះមហន្តរាយ ឬការធ្វើទុក្ខបុកម្នេញ៕


