យោធាចិនបាននិយាយកាលពីថ្ងៃពុធ ៣១ ធ្នូសប្ដាហ៍នេះ ថា ប្រទេសចិន បានបញ្ចប់ដោយជោគជ័យ នូវសមយុទ្ធយោធាជុំវិញតំបន់តៃវ៉ាន់ រួមមានសមយុទ្ធបាញ់គ្រាប់ពិត ក្នុងបំណងប្រដូចទៅនឹងការពិតនៃការបិទផ្លូវកំពង់ផែសំខាន់ៗ និងការវាយប្រហារលើគោលដៅសមុទ្រ។

ទីក្រុងប៉េកាំងបានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាឆ្មាំល្បាតឆ្នេរកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្ដាហ៍នេះជុំវិញកោះតៃវ៉ាន់។
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃព្រហស្បតិ៍១មករា២០២៦នេះ ថាកោះនេះប្ដេជ្ញាការពារអធិបិតេយ្យភាព និងបង្កើនការការពាររបស់ខ្លួន នៅចំពោះមុខនៃការបង្កើនសកម្មភាពយោធារបស់ចិន បន្ទាប់ពីទីក្រុងប៉េកាំង បានបាញ់រ៉ូកែតឆ្ពោះទៅកោះនេះ ជាផ្នែកមួយនៃសមយុទ្ធ។

គណបក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ប្រជាធិបតេយ្យនេះ ទេ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា កោះដែលមានប្រជាជន២៣ លាននាក់នេះ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងក្រសោបយកតំបន់នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ បានរាយការណ៍ថា លោកប្រធានាធិបតី ចិន Xi Jinping បានថ្លែងក្នុងសុន្ទរកថាឆ្នាំថ្មី ២០២៦ របស់លោកពីទីក្រុងប៉េកាំងកាលពីយប់ជ្រៅថ្ងៃពុធ៣១ធ្នូសប្ដាហ៍នេះថា ការបង្រួបបង្រួមមាតុភូមិរបស់យើង គឺមិនអាចបញ្ឈប់បានឡើយ៕
