ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តៀមរៀបចំមហោស្រពសិល្បៈជាតិ គំនូរវិចិត្រកម្មពណ៌ទឹក លើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ ឆ្នាំ២០២២»។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹង ដល់វិចិត្រករ សិល្បករ សិប្បករ សិស្ស-និសិ្សត មហាជនទូទៅទាំងអស់ឲ្យបានជម្រាបថា នាថ្ងៃទី៧-៨-៩ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ក្រសួងនឹងរៀបចំមហោស្រពសិល្បៈជាតិ ស្តីពីគំនូរវិចិត្រកម្មពណ៌ទឹក ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ» នៅបរិវេណសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
វិចិត្រករ អ្នកមានវិជ្ជាជីវៈផ្នែកគំនូរពណ៌ទឹក ត្រូវបានជំរុញលើកទឹកចិត្តឱ្យចូលរួមប្រលងប្រកួតប្រជែងយកជ័យលាភីលេខ១ លេខ២ និងលេខ៣ ព្រមទាំងមានរង្វាន់លើកទឹកចិត្តផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថា វិចិត្រករ សិល្បករ សិប្បករ សិស្ស- និសិ្សត អង្គការ សមាគម សិល្បៈនានា នឹងអញ្ជើញចូលរួមប្រកួតប្រជែងក្នុងពិធីមហោស្រពសិល្បៈជាតិ គំនូរវិចិត្រពណ៌ទឹក ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ» ឆ្នាំ២០២២ នាពេលខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាអភិវឌ្ឍន៍លើកស្ទួយសិល្បៈវប្បធម៌ជាតិ៕ អត្ថបទ រដ្ឋា