រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធថា អារ៉ាប់រួមបានចាប់ផ្តើមដកកងកម្លាំងដែលនៅសេសសល់របស់ខ្លួន ចេញពីប្រទេសនេះ ចំពេលភាពតានតឹងកំពុងកើនឡើងកាន់តែខ្លាំង នៅក្នុងប្រទេសអារ៉ាប់ដែលហែកហួរដោយសង្គ្រាមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍យេម៉ែនផ្លូវការ រដ្ឋាភិបាលបាននិយាយថា៖ «យន្តហោះដឹកទំនិញយោធាចំនួន ៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាន Al Rayyan ក្នុងខេត្ត Hadramout ភាគអាគ្នេយ៍ ដោយដឹកទាហានអារ៉ាប់រួមរាប់រយនាក់ រួមជាមួយនឹងគ្រឿងយុទ្ធោបករណ៍»។

អ្នកស្រុកក្នុងតំបន់បានឃើញយន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីតហោះលើតំបន់ជាច្រើន នៅក្នុងខេត្ត Hadramout ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ។ យ៉ាងណាក៏ដោយ កងកម្លាំងស្មោះត្រង់នឹងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងន (STC) របស់ប្រទេសយេម៉ែ ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនដកខ្លួនចេញពីខេត្តនេះទេ ហើយបានបន្តដាក់ពង្រាយយ៉ាងច្រើននៅទីតាំងសំខាន់ៗ ចំពេលមានការព្រួយបារម្ភអំពីប្រតិបត្តិការដីដែលអាចកើតមាន ដោយកងទ័ពរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថា បានប្រមូលផ្តុំគ្នានៅជិតខេត្ត Hadramout។
ភាពតានតឹងរវាងសម្ព័ន្ធមិត្តក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ នៅពេលដែលកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងកំពង់ផែ Mukalla ភាគខាងត្បូង។ យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅទៅលើអាវុធ និងយានយន្តប្រយុទ្ធដែលត្រូវបានគេចោទប្រកាន់ថា បានទម្លាក់ទុកនៅកំពង់ផែនេះ៕