នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរបានចេញការព្រមានបន្ទាន់សម្រាប់ចំហេះព្រៃដែលគំរាមកំហែងដល់អាយុជីវិតប្រជាជននៅជិតអាកាសយានដ្ឋាន Perth ក្នុងរដ្ឋអូស្ត្រាលីខាងលិច។

ការព្រមានមួយដែលបានចេញនៅមុនម៉ោង៦ព្រឹកម៉ោងក្នុងស្រុកដោយក្រសួងពន្លត់អគ្គិភ័យនិងសេវាសង្គ្រោះបន្ទាន់ (DFES) របស់រដ្ឋ បាននិយាយថា ប្រជាជននៅក្នុងតំបន់ Kalamunda មានចម្ងាយ១៥គីឡូម៉ែត្រភាគខាងកើតទីក្រុង Perth ភាគកណ្តាល និង៥គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង គួរតែចាកចេញជាបន្ទាន់។

ក្រសួងនិយាយថា ចំហេះព្រៃដែលមិនអាចគ្រប់គ្រងបាន កំពុងឆ្ពោះទៅទិសខាងជើងដោយបានបង្កការគំរាមកំហែងដល់អាយុជីវិតនិងលំនៅឋាន ហើយប្រជាជនចាំបាច់ត្រូវមានចំណាត់ការបន្ទាន់ដើម្បីសង្គ្រោះជីវិត។
ការព្រមាននិយាយថា «កុំរង់ចាំមើល ការចាកចេញនៅនាទីចុងក្រោយអាចធ្វើឱ្យជីវិតរបស់អ្នកគ្រោះថ្នាក់»។
ក្រសួងពន្លត់អគ្គិភ័យនិងសេវាសង្គ្រោះបន្ទាន់ (DFES) និយាយថា អ្នកដែលមិនអាចចាកចេញពីតំបន់នោះបាន គួរតែត្រៀមខ្លួនជ្រកកោននៅក្នុងលំនៅឋានរបស់ពួកគេនៅក្នុងបន្ទប់ដែលមានទឹកម៉ាស៊ីន និងច្រកចេញច្បាស់លាស់។