លោក Steve Witkoff ដែលជាបេសកជនពិសេសប្រធានាធិបតីអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា មន្ត្រីសហរដ្ឋអាមេរិក និងទីប្រឹក្សាសន្តិសុខជាតិនៃចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយអ្នកចរចាសន្តិភាពជាន់ខ្ពស់របស់អ៊ុយក្រែន បានពិភាក្សាគ្នាអំពីការជំរុញជំហានបន្ទាប់ក្នុងដំណើរការសន្តិភាពអឺរ៉ុប ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។

លោក Witkoff បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«យើងបានផ្តោតលើរបៀប ដើម្បីជំរុញការពិភាក្សាទៅមុខតាមមធ្យោបាយជាក់ស្តែង ក្នុងនាមដំណើរការសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក រួមទាំងការពង្រឹងការធានាសន្តិសុខ និងការបង្កើតយន្តការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព ដើម្បីជួយបញ្ចប់សង្គ្រាម និងធានាថា វាមិនចាប់ផ្តើមឡើងវិញទេ»។
លោកបាននិយាយថា៖«កញ្ចប់វិបុលភាព» សម្រាប់អ៊ុយក្រែន ក៏ត្រូវបានពិភាក្សាផងដែរ។
លោក Witkoff បានបន្ថែមថា៖«ព័ត៌មានលម្អិតបន្ថែមជាច្រើន ត្រូវបានពិភាក្សា ហើយយើងនឹងបន្តការងារ និងការសម្របសម្រួលដ៏សំខាន់នេះ នៅក្នុងឆ្នាំថ្មី»។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញ Telegram ថា ទីប្រឹក្សាសន្តិសុខជាតិនៃសម្ព័ន្ធភាពនៃប្រទេសដែលមានឆន្ទៈ មានគម្រោងជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៦ បន្ទាប់មកគឺកិច្ចប្រជុំថ្នាក់ដឹកនាំនៅប្រទេសបារាំង នៅថ្ងៃទី ០៦ ខែមករា៕