សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកសារព័ត៌មានសរុបចំនួន ១២៨ នាក់ ត្រូវបានសម្លាប់ នៅជុំវិញពិភពលោក ក្នុងឆ្នាំ ២០២៥ ដែលជាងពាក់កណ្តាលនៃពួកគេ នៅមជ្ឈិមបូព៌ា។

លោក Anthony Bellanger អគ្គលេខាធិការ IFJ បានប្រាប់សារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ដ៏គួរឲ្យ រន្ធត់នេះ ដែលកើនឡើងពីឆ្នាំ ២០២៤ «មិនមែនគ្រាន់តែជាស្ថិតិនោះទេ វាគឺជាការព្រមានពណ៌ក្រហមជាសកលសម្រាប់សហការីរបស់យើង»។

ក្រុមសារព័ត៌មាន បានសម្តែងការព្រួយបារម្ភជាពិសេសអំពីស្ថានភាព នៅក្នុងទឹកដីប៉ាឡេស្ទីន ជាកន្លែងដែលវាបានកត់ត្រាអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចំនួន ៥៦ នាក់ ត្រូវបានសម្លាប់ ក្នុងឆ្នាំ ២០២៥ ខណៈដែលសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានបន្តនៅតំបន់ហ្កាហ្សា។
លោក Bellanger បាននិយាយថា៖«យើងមិនដែលឃើញអ្វីដូចនេះទេ គឺចំនួនអ្នកស្លាប់ជាច្រើនក្នុងរយៈពេលខ្លី នៅក្នុងតំបន់ដ៏តូចមួយនេះ»។
អ្នកកាសែតក៏ត្រូវបានសម្លាប់ នៅក្នុងប្រទេសយេម៉ែន អ៊ុយក្រែន ស៊ូដង់ ប៉េរូ ឥណ្ឌា និងកន្លែងផ្សេងទៀត។
លោក Bellanger បានថ្កោលទោសអ្វីដែលលោកហៅថា «និទណ្ឌភាព» ចំពោះអ្នកដែលនៅពីក្រោយការវាយប្រហារ។ លោកបានព្រមានថា៖ «បើគ្មានយុត្តិធម៌ទេ វាអនុញ្ញាតឲ្យឃាតករដែលសម្លាប់អ្នកកាសែតកាន់កើនឡើង»។
ទន្ទឹមនឹងនេះ សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បាននិយាយថា នៅទូទាំងពិភពលោក មានអ្នកកាសែតចំនួន ៥៣៣ នាក់ កំពុងជាប់ពន្ធនាគារ ជាតួលេខដែលបានកើនឡើងទ្វេដង ក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមក៕