ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅនៅក្នុងសុន្ទរកថាឆ្នាំថ្មីនេះថា កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី គឺបាន "រួចរាល់ ៩០%" ទៅហើយ ដែលផ្តោតសំខាន់លើការតស៊ូ ប្រឆាំងនឹងប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា អត្រា ១០% ទៀតដែលនៅសល់ នៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជិត ៤ឆ្នាំមកនេះ នឹង «កំណត់ជោគវាសនានៃសន្តិភាព ជោគវាសនារបស់អ៊ុយក្រែន និងអឺរ៉ុប»។ ជាមួយគ្នានេះ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួន លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលើកពីការជឿជាក់របស់ប្រជាជាតិទៅលើកងទ័ព និងលើកពីជ័យជម្នះរបស់រុស្ស៊ី។
បច្ចុប្បន្ន ទីក្រុងមូស្គូគ្រប់គ្រងប្រហែល ៧៥% នៃតំបន់ Donetsk និងប្រហែល ៩៩% នៃតំបន់ Luhansk ដែលតំបន់ទាំងពីរនេះត្រូវបានគេស្គាល់ជារួមថាជាតំបន់ឧស្សាហកម្ម Donbas ដ៏ធំរបស់អ៊ុយក្រែន។ ជោគវាសនារបស់តំបន់ Donbas នេះគឺជាឧបសគ្គដ៏ធំមួយពេញមួយការចរចាសន្តិភាព ដោយរុស្ស៊ីតែងតែមិនព្រមសម្របសម្រួលលើចំណុចនេះឡើយ។
នៅក្នុងសុន្ទរកថានោះ លោក Zelenskyy បាននិយាយថា ការដកទ័ពរបស់អ៊ុយក្រែន ចេញពីតំបន់ Donbas ភាគខាងកើត មានន័យថា «អ្វីៗនឹងចប់ទាំងអស់» ដែលសំដៅទៅលើការទាមទារអតិបរមារបស់រុស្ស៊ី ដើម្បីឱ្យទីក្រុងមូស្គូ ធានាបានការគ្រប់គ្រងពេញលេញលើតំបន់ឧស្សាហកម្មនេះ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ៕

