ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានអំពាវនាវឲ្យមានការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកទៅកាន់ប្រជាជាតិ។

លោក Radev បាននិយាយថា៖«ឆ្នាំកន្លងមក គឺជាឆ្នាំដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ពិភពលោក សង្គ្រាមបាននាំឲ្យមានការស្លាប់របស់មនុស្សរាប់ពាន់នាក់ ប៉ុន្តែក៏មានក្តីសង្ឃឹមដំបូងសម្រាប់ការបញ្ឈប់សង្គ្រាមផងដែរ។ ខ្ញុំជឿថា ប្រទេសរបស់យើងគួរតែគាំទ្រយ៉ាងច្បាស់លាស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។ ហានិភ័យនៃការពង្រីកជម្លោះ នៅតែបន្ត ហើយយើងមិនគួររំពឹងថា មានអ្នកផ្សេងការពារផលប្រយោជន៍របស់យើងទេ ប្រសិនបើយើងមិនអាចធ្វើដូច្នេះដោយខ្លួនឯង»។

លោក Radev បានស្វាគមន៍ចំពោះការណែនាំរូបិយប័ណ្ណអឺរ៉ុបតែមួយនៅក្នុងប្រទេសនេះ នៅថ្ងៃទី ០១ ខែមករា នេះ ប៉ុន្តែបានសម្តែងការសោកស្តាយដែលការសម្រេចចិត្តបោះបង់ចោលរូបិយប័ណ្ណជាតិ គឺ លីវ៉ា (leva) និងការណែនាំប្រាក់អឺរ៉ូ ត្រូវបានធ្វើឡើង ដោយមិនគិតពីមតិរបស់ប្រជាជន។
លោកប្រធានាធិបតី បាននិយាយថា៖«ខ្ញុំជឿជាក់ថា ការបោះបង់ចោលរូបិយប័ណ្ណជាតិរបស់យើង គួរតែបានកើតឡើង បន្ទាប់ពីការធ្វើប្រជាមតិ ដោយគិតគូរពីមតិរបស់ប្រជាជន ប៉ុន្តែភាគច្រើននៃគណបក្សកាន់អំណាច មិនចង់ស្តាប់ប្រជាពលរដ្ឋរបស់ពួកគេទេ។ ការបដិសេធនេះ គឺជារោគសញ្ញាដ៏គួរឲ្យកត់សម្គាល់មួយនៃគម្លាតដ៏ជ្រៅរវាងវណ្ណៈនយោបាយ និងប្រជាជន ដែលត្រូវបានបញ្ជាក់ដោយការតវ៉ាដ៏ធំនៅទូទាំងប្រទេសនេះ»៕