ក្រសួងមហាផ្ទៃស៊ីរី បាននិយាយកាលពីថ្ងៃពុធ (៣១ ធ្នូ) ថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម (ISIS) បានព្យាយាមវាយប្រហារវិហារសាសនាគ្រិស្តមួយកន្លែង ក្នុងទីក្រុងអាឡេប៉ូ (Aleppo) ភាគខាងជើងប្រទេសស៊ីរី នៅមុនថ្ងៃចូលឆ្នាំថ្មី បន្ទាប់មកបានបំផ្ទុះខ្លួនឯងជិតក្រុមល្បាតសន្តិសុខ ដោយសម្លាប់សមាជិកសន្តិសុខម្នាក់ និងពីរនាក់ទៀតរងរបួស។
លោក Nour al-Din al-Baba អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារ។ លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋថា ជនសង្ស័យនោះត្រូវគេជឿថា «មានប្រវត្តិមនោគមវិជ្ជា ឬអង្គការ ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ិស្លាម»។

ក្រសួងមហាផ្ទៃបន្តថា ឧប្បត្តិហេតុថ្ងៃពុធនោះ កើតឡើងក្នុងតំបន់ Bab al-Faraj ទីក្រុង Aleppo ហើយពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវឡើយ។ ការវាយប្រហារនេះ កើតឡើងស្របពេលអាជ្ញាធរស៊ីរី បង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម។
កាលពីដើមខែធ្នូ ទាហានអាមេរិកពីរនាក់ និងអ្នកបកប្រែស៊ីវិលម្នាក់ ត្រូវបានជនសង្ស័យវាយប្រហាររដ្ឋអ៊ិស្លាមម្នាក់សម្លាប់ នៅក្នុងប្រទេសស៊ីរី ដែលដាក់គោលដៅលើក្បួនរថយន្តកងកម្លាំងអាមេរិក និងស៊ីរី។ យោធាទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបវិញដោយការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងគោលដៅរដ្ឋអ៊ិស្លាមរាប់សិបកន្លែងក្នុងប្រទេសនេះ៕
