យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (៣១ ធ្នូ) ថា ក្នុងពេលពីរថ្ងៃកន្លងទៅ ខ្លួនបានវាយប្រហារតាមអាកាសលើទូក ៥គ្រឿង ដែលសង្ស័យថាដឹកគ្រឿងញៀន ដោយសម្លាប់មនុស្សសរុប ៨នាក់ ខណៈមនុស្សមួយចំនួនទៀតបានលោតពីលើទូក ហើយប្រហែលជារួចជីវិតពីការវាយប្រហារ។
បញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលទទួលបន្ទុកអាមេរិកខាងត្បូង មិនបានបញ្ជាក់ឡើយថា ការវាយប្រហារនៅថ្ងៃអង្គារ និងថ្ងៃពុធនោះ បានកើតឡើងនៅទីណា ប៉ុន្តែការវាយប្រហារពីមុនៗ គឺនៅសមុទ្រការ៉ាអ៊ីប និងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។

បញ្ជាការនេះបានបង្ហោះវីដេអូវាយប្រហារមួយនៅថ្ងៃអង្គារ លើទូក ៣គ្រឿងដែលកំពុងធ្វើដំណើរជាជួរជិតៗគ្នា ដោយនិយាយថា ទូកទាំងនោះស្ថិតក្នុងក្បួនមួយតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ ហើយបានផ្ទេរគ្រឿងញៀនរវាងគ្នា មុនពេលការវាយប្រហារកើតឡើង។ យោធាបន្តថា ការវាយប្រហារបានសម្លាប់មនុស្ស ៣នាក់ លើទូកមួយ ខណៈអ្នកនៅលើទូក ២គ្រឿងទៀត បានលោតចេញ ហើយកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះកំពុងបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បញ្ជាការខាងត្បូងនេះនិយាយថា កងកម្លាំងអាមេរិក បានវាយប្រហារទូក ២គ្រឿងទៀតនៅថ្ងៃពុធ ដោយសម្លាប់មនុស្ស ៥នាក់ ដែលត្រូវចោទថាកំពុងរត់ពន្ធគ្រឿងញៀនតាមបណ្តោយផ្លូវជួញដូរដែលគេស្គាល់។
ប្រតិបត្តិការចុងក្រោយបំផុតនេះ បានធ្វើឱ្យចំនួនសរុបនៃការវាយប្រហារដែលគេដឹង របស់យោធាអាមេរិកលើទូកសង្ស័យ មានដល់ ៣៥ករណី និងចំនួនអ្នកស្លាប់សរុបមានយ៉ាងតិច ១១៥នាក់ ចាប់តាំងពីដើមខែកញ្ញាមក នេះបើយោងតាមតួលេខដែលប្រកាសដោយរដ្ឋបាលអាមេរិក៕
