ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់ប្រទេសនេះ ថ្កោលទោសចំពោះការប៉ុនប៉ងរបស់ទីក្រុងគីវ ក្នុងការវាយប្រហារលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ Novgorod ហើយចាត់ទុកទង្វើនេះ ជាអំពើភេរវកម្មដ៏ធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិសុខអន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«ប្រទេសវ៉េណេស៊ុយអេឡាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើលំនៅឋានរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបានកើតឡើងនៅយប់ថ្ងៃទី ២៩ ខែធ្នូ នៅក្នុងតំបន់ Novgorod។ នេះគឺជាអំពើភេរវកម្មដ៏ធ្ងន់ធ្ងរបំផុត ដែលរំលោភច្បាប់អន្តរជាតិដោយចំហ និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ»។
ក្រសួងការបរទេសវ៉េណេស៊ុយអេឡាក៏បានសម្តែងសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលរុស្ស៊ី ហើយទាមទារឲ្យទីក្រុងគីវ «បញ្ឈប់ជាបន្ទាន់នូវអំពើភេរវកម្មដែលគំរាមកំហែងដល់អាយុជីវិតរបស់ជនស៊ីវិល សន្តិសុខរបស់ប្រទេសនេះ និងតុល្យភាពនៃប្រព័ន្ធអន្តរជាតិ»។
ក្រសួងបាននិយាយថា៖«អំពើភេរវកម្មក្នុងទម្រង់ណាមួយ និងក្រោមលេសណាមួយ មិនអាចអត់ឱន ឬ ត្រូវចាត់ទុកថា ត្រឹមត្រូវក្នុងកាលៈទេសៈណាមួយឡើយ»៕
