ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា កិច្ចប្រជុំមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នឹងធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី ត្រូវបានឈានដល់។

លោក Macron បានកោះឲ្យមានកចិ្ចប្រជុំ ជាអ្វីដែលហៅថា «សម្ព័ន្ធឆន្ទៈរួម» នៅថ្ងៃទី៦ ខែមករា។ ក្រុមចម្រុះនេះដែលដឹកនាំដោយអង់គ្លេស និងបារាំង រួមមានសមាជិកជាង ៣០ប្រទេស។
លោក Macron បានបញ្ជាក់ថា៖ «នៅថ្ងៃទី៦ ខែមករា នៅទីក្រុងប៉ារីស រដ្ឋអឺរ៉ុបជាច្រើន និងសម្ព័ន្ធមិត្ត នឹងធ្វើការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីការពារអ៊ុយក្រែន និងធានាឲ្យមានសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង នៅទ្វីបអឺរ៉ុបរបស់យើង»។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយមុននេះថា មធ្យោបាយពង្រឹងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ត្រូវបានពិភាក្សាក្នុងអំឡុងពេលមានកិច្ចពិភាក្សាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រវាងមន្ត្រីសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងទីប្រឹក្សាសន្តិសុខជាតិ មកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែធ្នូកន្លងមក មេដឹកនាំនៃប្រទេសអ៊ឺរ៉ុបមួយចំនួន រួមទាំងអាល្លឺម៉ង់ បារាំង និងអង់គ្លេសផងដែរ បានលើកឡើងថា មាន «ការរួបរួមគ្នាយ៉ាងរឹងមាំ» ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងប៊ែរឡាំង និងបានបញ្ជាក់ពីបញ្ជីគោលដៅ សម្រាប់ភាគីទាំង២ ដើម្បីធ្វើការឆ្ពោះទៅមុខ៕
