ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) នេះថា តាមរយៈសារអបអរឆ្នាំថ្មីទៅកាន់ទាហាន មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសាទរ ចំពោះកងទ័ពដែលប្រយុទ្ធនៅក្នុង «ទឹកដីបរទេស» ដោយលោកបានគូសបញ្ជាក់អំពីសម្ព័ន្ធភាពជាមួយរុស្ស៊ី។
ដោយមិនបានយោងទៅដល់ប្រទេសអ៊ុយក្រែន លោក Kim បាននិយាយទៅកាន់បុគ្គលិក ជាអ្វីដែលសារព័ត៌មាន KCNA គ្រប់គ្រងដោយរដ្ឋ បានពិពណ៌នាថា ជា «អង្គភាពប្រតិបត្តិការនៅបរទេស» ដោយអបអរសាទរ «វីរភាព»របស់ពួកគេ ក្នុងការការពារកិត្តិយសរបស់ប្រទេស និងណែនាំពួកគេឲ្យកាន់តែមាន «ភាពក្លាហាន»។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េមួយនេះ បានឲ្យដឹងថា លោក Kim បានលើកឡើងថា៖ «ខណៈដែលប្រទេសទាំងមូល កំពុងស្ថិតនៅក្នុងបរិយាកាសដ៏រីករាយនៃឱកាសស្វាគមន៍ឆ្នាំថ្មី ខ្ញុំកាន់តែនឹកអ្នកទាំងអស់គ្នាដែលកំពុងប្រយុទ្ធយ៉ាងក្លាហាន នៅសមរភូមិ ក្នុងទឹកដីបរទេស សូម្បីតែក្នុងខណៈពេលនេះ ដោយស្មោះត្រង់ចំពោះបទបញ្ជារបស់មាតុភូមិអ្នក»។ ហើយលោក Kim បានបញ្ជាក់ក្នុងសារនោះថា៖ «គាំទ្រនៅពីក្រោយអ្នក គឺទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ»។
គួរដឹងថា បើយោងតាមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងបណ្ដាប្រទេសលោកខាងលិច បានឲ្យដឹងថា កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ទៅជួយគាំទ្រការលុកលុយរបស់រុស្ស៊ី ដែលមានរយៈពេលជិត ៤ឆ្នាំហើយ នៅអ៊ុយក្រែន។ ហើយបើតាមការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៦០០នាក់ បានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតបានរងរបួស។ ក្រុមអ្នកវិភាគ លើកឡើងថា ជាថ្នូរវិញ កូរ៉េខាងជើងកំពុងទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា និងការផ្គត់ផ្គង់ស្បៀងអាហារ ព្រមទាំងថាមពលពីរុស្ស៊ី៕
