កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នគរបាលហ្វាំងឡង់បានរឹបអូសនាវាដែលធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ដោយសង្ស័យថា បានធ្វើឲ្យខូចខាតដល់ខ្សែកាបទូរគមនាគមន៍ក្រោមទឹកដែលរត់ពីទីក្រុង Helsinki ទៅប្រទេសអេស្តូនី ដោយឆ្លងកាត់ឈូងសមុទ្រហ្វាំងឡង់ដែលជាតំបន់រងគ្រោះដោយឧប្បត្តិហេតុស្រដៀងគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
អាជ្ញាធរឆ្មាំព្រំដែនរបស់ហ្វាំងឡង់ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Helsinki ថា នាវាដឹកទំនិញដែលត្រូវបានរឹបអូសនេះមានឈ្មោះ «Fitburg» កំពុងធ្វើដំណើរចេញពីកំពង់ផែនៃទីក្រុង St Petersburg របស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ីស្រាអែល អំឡុងពេលកើតហេតុការណ៍នោះ។
ស្នងការនគរបាលក្រុង Helsinki លោក Jari Liukku បានប្រាប់អ្នកសារព័ត៌មានថា៖ «នាពេលនេះ យើងសង្ស័យថា មានការរំខានយ៉ាងធ្ងន់ធ្ងរដល់បណ្ដាញទូរគមនាគមន៍ ហើយក៏ធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរ និងការប៉ុនប៉ងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ»។

គួរបញ្ជាក់ថា ក្តីបារម្ភកំពុងមានកាន់តែខ្លាំងឡើងៗ នៅទ្វីបអឺរ៉ុប អំពីអ្វីដែលមន្ត្រីមើលឃើញថា ជាការកើនឡើងនូវការគំរាមកំហែងកូនកាត់ពីរុស្សី ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបដិសេធ។ កាលពីដើមខែនេះ មេបញ្ជាការយោធាជាន់ខ្ពស់របស់អង្គការណាតូ (NATO) បានប្រាប់ថា សម្ព័ន្ធភាពត្រូវតែត្រៀមជាស្រេច ដើម្បីឆ្លើយតបទៅនឹងប្រភេទនៃការគំរាមកំហែងទាំងនេះ ដើម្បីការពារទឹកដីរបស់សមាជិកសម្ព័ន្ធភាពយោធាមួយនេះ។
ការគំរាមកំហែងកូនកាត់ គឺសំដៅទៅលើការប្រើយុទ្ធសាស្ត្រទាំងយោធា និងមិនមែនយោធា ដែលត្រូវបានរៀបចំបង្កើតឡើង ដើម្បីបំផ្លាញសន្តិសុខរបស់សត្រូវ។ តាក់ទិកទាំងនោះ អាចរួមបញ្ចូលការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការប្រើប្រាស់យានដ្រូន ឬក្រុមប្រដាប់អាវុធមិនផ្លូវការ៕
