លោក Zohran Mamdani ដែលជាអ្នកនយោបាយឆ្វេងនិយមវ័យក្មេងរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) បានស្បថចូលកាន់តំណែងជាអភិបាលក្រុង New York សម្រាប់អាណត្តិដែលប្រាកដណាស់ថា នឹងឃើញរូបលោកមានការប៉ះទង្គិចជាមួយប្រធានាធិបតី លោក Donald Trump។
បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដែលបង្ហាញថា ឆ្នាំ២០២៦ បានមកដល់ហើយនោះ លោក Mamdani បានស្បថចូលកាន់តំណែង នៅឯចំណតរថភ្លើងក្រោមដីដែលគេបោះបង់ចោលមួយកន្លែង ដើម្បីចាប់ផ្តើមគ្រប់គ្រងទីក្រុងធំបំផុតរបស់សហរដ្ឋអាមេរិក។ រូបលោកគឺជាអភិបាលក្រុងអ្នកកាន់សាសនាឥស្លាមដំបូងគេរបស់ទីក្រុង New York។

ការិយាល័យរបស់លោក បានប្រាប់ឲ្យដឹងថា ការរៀបចំនៅទីកន្លែងធម្មតា ពីក្រោមសាលាក្រុងបែបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក ចំពោះអ្នកធ្វើការសាមញ បន្ទាប់ពីសមាជិករបស់គណបក្សប្រជាធិបតេយ្យអាយុ ៣៤ឆ្នាំរូបនេះ បានធ្វើយុទ្ធនាការ ដោយសន្យាដោះស្រាយការចំណាយនៃការរស់នៅដែលកំពុងឡើងកាន់តែខ្ពស់។
លោក Mamdani បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីសច្ចាប្រណិធាននោះថា៖ «នេះពិតជាការមានកិត្តិយស និងឯកសិទ្ធិ ដែលអាចជាឱកាសតែម្ដងក្នុងមួយជីវិត»។
តែយ៉ាងណាក្ដី គ្រប់គ្នានៅតែតាមមើលថា តើលោក Mamdani ដែលស្ទើរតែមិនត្រូវបានគេស្គាល់សោះ កាលពីមួយឆ្នាំមុន អាចបំពេញតាមរបៀបវារៈប្រកបដោយមហិច្ឆតារបស់លោកបានដែរ ឬទេ ជាអ្វីដែលគិតគូរដល់ការទប់តម្លៃជួលកុំឲ្យឡើងខ្ពស់ ការថែទាំកុមារទូទៅ និងផ្ដល់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ៕
