ភ្នំពេញ៖ ការនាំអង្ករកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី អាចនឹងរងផលប៉ះពាល់ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែផលប៉ះពាល់នេះ មានកម្រិតតិចតួច ដោយសារទីផ្សារប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាទីផ្សារតូចប៉ុណ្ណោះ សម្រាប់អង្ករកម្ពុជា។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់ប្រទេសរុស្សី បានចំនួន ១៧ ៥១២តោន។ បរិមាណនាំចេញនេះ មានតិចតួចប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ីដែលជាប្រទេសធំ ធៀបនឹងប្រទេសអឺរ៉ុប និងទីផ្សារប្រទេសដទៃទៀត។
របាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២១ បរិមាណអង្ករកម្ពុជាដែលបានលក់ ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២,២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ បានបន្ថែមទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញ ទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ដុល្លារសហរដ្ឋអាមេរិក។ដោយឡែកការនាំអង្ករចេញ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ។
បើតាមយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន អាចមានបញ្ហាទៅលើអង្ករកម្ពុជា បើសិនជាមានទណ្ឌកម្មច្រើន ទៅលើប្រទេសរុស្ស៉ី ពិសេសទណ្ឌកម្មលើប្រព័ន្ធធនាគារដែលពិបាកធ្វើការទូទាត់។
ទោះបីជាយ៉ាងនេះក្ដី ដោយសារតែទីផ្សារអង្កររបស់កម្ពុជា ទៅប្រទេសរុស្សី មានបរិមាណតិចតួច ដែលមានត្រឹមប្រមាណជាង ២ពាន់តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ ការប៉ះពាល់ស្ថិតក្នុងរង្វង់តិចតួច៕ អត្ថបទ៖ វណ្ណៈ


