ប្រតិបត្តិការហោះហើរ នៅទូទាំងផ្នែកជាច្រើននៃភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា ក្នុងនោះរួមមានទាំងទីក្រុងញូវដេលី (New Delhi) ផងដែរ ត្រូវបានរងផលប៉ះពាល់ នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) នេះ ដោយសារអ័ព្ទក្រាស់ឃ្មឹកដែលបានគ្របដណ្តប់លើផ្នែកដ៏ធំនៃតំបន់នោះ ដោយធ្វើឲ្យការមើលឃើញថយចុះយ៉ាងខ្លាំង និងជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ចេញសេចក្តីណែនាំដល់អ្នកដំណើរ។
ស្ថានភាពមើលឃើញមិនសូវច្បាស់ល្អ បាននាំឲ្យមានការរំខាននៅព្រលានយន្តហោះជាច្រើន រួមទាំងនៅទីក្រុង Delhi, Ranchi, Bhubaneswar និង Guwahati ដោយក្រុមហ៊ុនអាកាសចរណ៍ បានជូនដំណឹងដល់អ្នកដំណើរឲ្យនៅតែប្រុងប្រយ័ត្ន និងពិនិត្យមើលបច្ចុប្បន្នភាពជើងហោះហើរ ដើម្បីជៀសវាងកុំឲ្យមានការរអាក់រអួល។

ទីក្រុង Delhi បានចាប់ផ្តើមឆ្នាំថ្មីក្រោមផ្ទាំងសំណុំអ័ព្ទដ៏ក្រាស់ឃ្មឹក ការបំពុល និងអាកាសធាតុត្រជាក់ខ្លាំង ខណៈដែលគុណភាពខ្យល់ បានបន្តស្ថិតនៅក្នុងប្រភេទ «អាក្រក់ខ្លាំងណាស់»។ អ័ព្ទដ៏ក្រាស់ឃ្មឹក គួបផ្សំនឹងសីតុណ្ហភាពទាប រឹតតែបង្កភាពលំបាកដល់រដ្ឋធានីជាតិមួយនេះ ដោយធ្វើឲ្យស្ថានភាពបរិស្ថានដែលមិនល្អរួចហើយនោះ កាន់តែអាក្រក់ទៅៗ។
យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលកណ្ដាល សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង Delhi ស្ថិតនៅកម្រិត ៣៧២មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ ដែលបង្ហាញពីការមានកម្រិតបំពុលខ្ពស់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងនេះ៕
