នាថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) អគ្គិភ័យដ៏ធំមួយ បានឆេះបំផ្លាញវិហារកាតូលិកដែលសាងសង់ក្នុងសតវត្សរ៍ទី១៩ នៅទីក្រុង Amsterdam ខណៈដែលប្រទេសហូឡង់ បានឆ្លងកាត់ពេលវេលាដ៏លំបាកដែលត្រូវប្រឈមនឹងភាពច្របូកច្របល់នៅថ្ងៃចូលឆ្នាំសកល ដោយមានមនុស្ស ២នាក់ បានបាត់បង់ជីវិតដោយសារកាំជ្រួចភ្ញី និងអំពើហិង្សា «មិនធ្លាប់មាន» ប្រឆាំងនឹងនគរបាល។
អគ្គិភ័យនោះ បានកើតមានឡើង នាពេលព្រឹកព្រលឹម នៅឯតំបន់ Vondelkerk ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញដែលបានលប់លើឧទ្យានធំបំផុតជាងគេមួយរបស់ទីក្រុងនេះ ចាប់តាំងពីឆ្នាំ១៨៧២ មក។
អាជ្ញាធរទីក្រុង Amsterdam បានឲ្យដឹងថា ប៉មកម្ពស់ ៥០ម៉ែត្រ បានបាក់រលំ ហើយដំបូលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែរចនាសម្ព័ន្ធត្រូវបានគេរំពឹងថា នឹងរឹងមាំនៅដដែល។ មូលហេតុនាំឲ្យមានការឆាបឆេះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។

ជាមួយគ្នានេះ ក្នុងអំឡុងពេលប្រារព្ធពិធីអបអរចូលឆ្នាំសកលនេះ ប្រមុខសហភាពនគរបាលហូឡង់ លោកស្រី Nine Kooiman បានរាយការណ៍អំពី «ចំនួននៃការមានអំពើហិង្សាមិនធ្លាប់មានពីមុនមកប្រឆាំងនឹងនគរបាល និងសេវាសង្គ្រោះបន្ទាន់»។ លោកស្រីបានឲ្យដឹងថា លោកស្រីខ្លួនឯងផ្ទាល់ ត្រូវបានគេវាយប្រហារ ៣ដង ដោយកាំជ្រួចភ្ញី និងគ្រឿងផ្ទុះផ្សេងទៀត ខណៈលោកស្រីធ្វើការតាមវេន នៅទីក្រុង Amsterdam។
ភ្លាមៗបន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ អាជ្ញាធរបានចេញការជូនដំណឹងដ៏កម្រ នៅទូទាំងប្រទេសនៅលើទូរសព្ទដៃ ដោយព្រមានប្រជាជនកុំឲ្យទូរសព្ទទៅសេវាសង្គ្រោះបន្ទាន់ដែលមានការហៅទៅយ៉ាងលើសលប់ លុះត្រាតែមានគ្រោះថ្នាក់ដល់អាយុជីវិត។ របាយការណ៍នៃការវាយប្រហារប្រឆាំងនឹងនគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យ បានរីករាលដាលទូទាំងប្រទេស។ មនុស្ស ២នាក់ ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ និងបុរសអាយុ ៣៨ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់បាញ់កាំជ្រួចភ្ញី៕
